អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចបន្ថយពន្ធប្រេងសាំង៣០% ក្នុងរយៈពេល៣ខែ ដើម្បីចូលរួមទប់តម្លៃប្រេងសាំងនៅលើទីផ្សារ

BY
Pheakdey
April 5, 2022

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃអង្គារ  ទី៥ ខែមេសានេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចកាត់បន្ថយពន្ធលើប្រេងសាំងរហូតដល់ ៣០% ដើម្បីចូលរួមទប់តម្លៃប្រេងសាំងនៅលើទីផ្សារកុំឲ្យឡើងថ្លៃខ្ពស់ខ្លាំងពេក។ ក្នុងសន្និសិទ្ធសារព័ត៌មាន​ផ្លូវការមួយលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Hong Nam-ki បានបញ្ជាក់ថា ការសម្រេចបន្ថយពន្ធ ៣០% ចំពោះប្រេងសាំងនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ខែ ខណៈក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះរដ្ឋាភិបាលបានសម្រេចបន្ថយពន្ធលើប្រេងសាំងចំនួន ២០%រួចទៅហើយ។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចំណាត់ការបន្ថយតម្លៃពន្ធប្រេងសាំងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលកម្រិតអតិផរណាអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងបានឡើងដល់កម្រិត ៤,១% ពោលគឺជាការកើនយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់មានបើគិតចាប់តាំងពីឆ្នាំ ២០១១ មក។​ គួររម្លឹកជូនថា តម្លៃប្រេងសាំងនៅលើពិភពលោកបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយបញ្ហានេះបានកើតឡើងព្រោះតែសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: