អន្តរជាតិ

លោកស្រី គីម យ៉ូជុង បានព្រមានថា ប្រទេសរបស់គាត់នឹងវាយប្រហារកូរ៉េខាងត្បូងដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើពួកគេហ៊ានវាយប្រហារកូរ៉េខាងជើងមុន

BY
autoadmin
April 5, 2022

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងមិនគាំទ្រសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខគ្នាផ្នែកយោធា ឬធ្វើការវាយប្រហារទុកជាមុន នោះកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវតបតទៅវិញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងបក្សកាន់អំណាច បាននិយាយថា៖«វាគឺជាកំហុសដ៏ធំមួយសម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងការធ្វើសុន្ទរកថានាពេលថ្មីៗនេះ អំពីការវាយប្រហារមកលើកូរ៉េខាងជើង»។

រំលឹកផងដែរថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook បាននិយាយកាលពីថ្ងៃសុក្រថា យោធារបស់ប្រទេសលោកមានមីស៊ីលជាច្រើនប្រភេទ ជាមួយនឹងជួរបាញ់ ភាពជាក់លាក់ និងថាមពលល្អប្រសើរ បូករួមនឹងសមត្ថភាពក្នុងការវាយលុកបានច្បាស់លាស់ និងអាចកំណត់គោលដៅណាមួយនៅកូរ៉េខាងជើងបាន។ ការលើកឡើងនេះហាក់ដូចជាការបញ្ឆេះភ្លើងបន្ថែមទៀត ស្របពេលដែលកូរ៉េខាងជើងកំពុងបន្ដបាញ់សាកល្បងមីស៊ីលដ៏មានអានុភាពកាន់តែខ្លាំងនៅឆ្នាំនេះ។

ជាមួយគ្នានេះដែរ លោកស្រី គីម និងមន្ត្រីកូរ៉េខាងជើងម្នាក់ទៀត បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយថ្កោលទោសការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ហើយបានព្រមានថា ទីក្រុងព្យុងយ៉ាងនឹងបំផ្លាញគោលដៅសំខាន់ៗក្នុងទីក្រុងសេអ៊ូល ប្រសិនបើកូរ៉េខាងត្បូងចាត់វិធានការ «យោធាដ៏គ្រោះថ្នាក់» ដូចជាការវាយប្រហារទុកជាមុនជាដើម។ លោកស្រីបាននិយាយថា វាមិនមែនគ្រាន់តែជាការព្រមាននោះទេ ប៉ុន្តែគឺជាការពន្យល់លម្អិតអំពីប្រតិកម្មរបស់ប្រទេសរបស់លោកស្រី ចំពោះសកម្មភាពយោធាដែលអាចកើតមានដោយសារកូរ៉េខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: