ហេតុអ្វីបានជាប្រទេសថៃត្រូវការភ្ញៀវទេសចរណ៍ចិនខ្លាំងម៉េស?
ថៃ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា រដ្ឋាភិបាលថៃបានព្យាយាមសម្របសម្រួល និងលើកទឹកចិត្តជាខ្លាំង ដើម្បីឲ្យភ្ញៀវទេសចណ៍ចិនមកលេងក្នុងប្រទេសខ្លួនឲ្យបានច្រើនដូចមុន។ តួយ៉ាងកាលពីពេលថ្មីៗថៃ បានធ្វើរឿងមួយចំនួនដូចជា មិនគិតថ្លៃលើទិដ្ឋការចំពោះភ្ញៀវទេសចរណ៍ចិន, មានរដ្ឋមន្ត្រីថៃម្នាក់បានទៅដល់ប្រទេសចិនដើម្បីសូមឲ្យក្រុមហ៊ុន Alibaba របស់លោកមហាសេដ្ឋី Jack Ma ជួយផ្សាយពាណិជ្ជកម្មពីតំបន់ទេសចរណ៍ថៃ និងបានរៀបចំកម្មវិធីពិសេស ៗជាច្រើនទៀតក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន។ មានមតិមួយចំនួនបានលើកឡើងថា តើហេតុអ្វីថៃត្រូវការភ្ញៀវទេសចរណ៍ចិនដូចនេះ?
បើយោងតាមរបាយការណ៍មួយបានបង្ហាញថា ចិនជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំមួយសម្រាប់ប្រទេសថៃ ហើយវិស័យទេសចរណ៍នេះ បានជួយបង្កើនសេដ្ឋកិច្ចថៃជាច្រើនគឺប្រមាណជា ៩៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ២១,២ នៃ GDP សរុបរបស់ប្រទេសថៃកាលពីឆ្នាំមុន) ជួយបង្កើតការងារឲ្យប្រជាពលរដ្ឋថៃប្រមាណជា ៥,៨ លានកន្លែង ដែលស្មើនឹង ១៥,៥ % នៃចំនួនការងារសរុបក្នុងប្រទេសថៃ។ ដូចនេះវិស័យទេសចរណ៍ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយបង្កើតសេដ្ឋកិច្ចឲ្យប្រទេសថៃ។ សូមរម្លឹកឡើងវិញថា ចំនួនភ្ញៀវទេសចរណ៍ចិនបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយមានទូកទេសចរណ៍មួយបានលិចក្នុងសមុទ្រថៃ និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិន ៤៧ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ scmp