អន្តរជាតិ

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ប្រទេសស្រីលង្កាបាន​លាលែង​ពី​តំណែងភ្លាមៗ​ ក្រោយ​ស្បថ​ចូល​កាន់​តំណែងបានត្រឹមតែមួយថ្ងៃ

BY
autoadmin
April 5, 2022

រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ស្រីលង្កាគឺលោក Ali Sabry បានលាលែងពីតំណែងនៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ ពោលគឺត្រឹមតែមួយថ្ងៃ បន្ទាប់ពីគាត់បានស្បថចូលកាន់តំណែងនេះ នៅចំពេលមានការតវ៉ាជាសាធារណៈកាន់តែខ្លាំង ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ លោក Sabry បានសរសេរនៅក្នុងលិខិតមួយទៅកាន់ប្រធានាធិបតីថា៖«ខ្ញុំស្នើសុំការលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយនឹងមានប្រសិទ្ធិភាពភ្លាមៗ»។ គួរឱ្យដឹងដែរថា ប្រធានាធិបតីលោក Gotabaya Rajapaksa បានតែងតាំងលោក Sabry កាលពីថ្ងៃចន្ទ ទី៤ ខែមេសា បន្ទាប់ពីរំលាយគណៈរដ្ឋមន្ត្រី និងទម្លាក់បងប្រុសបង្កើតរបស់គាត់ គឺលោក Basil Rajapaksa ចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។

នៅក្នុង​លិខិត​ផ្ញើ​ជូន​លោក​ប្រធានាធិបតី លោក Sabry បាន​និយាយ​ថា លោក​ទទួល​យក​ការងារ​នេះ​ជា​ផ្នែក​នៃ​វិធានការ​បណ្តោះអាសន្នប៉ុណ្ណោះ។ ជម្រាបផងដែរថា លោក Ali Sabry ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីថ្មីទាំង ៤ នាក់ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Rajapaksa កាលពីថ្ងៃចន្ទ ខណៈប្រទេសស្រីលង្កាបច្ចុប្បន្ននេះ កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បញ្ហាគ្មានរូបិយប័ណ្ណបរទេសសម្រាប់ទំនិញនាំចូលសំខាន់ៗ និងបញ្ហាជាច្រើនផ្សេងទៀត បាននាំឱ្យពលរដ្ឋត្រូវមកតម្រង់ជួរ ដើម្បីរង់ចាំប្រេងឥន្ធនៈ ហ្គាសចម្អិនអាហារ ហើយការផ្គត់ផ្គង់ក៏មានការខ្វះខាត ខណៈមានការដាច់ភ្លើងជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលបានធ្វើឱ្យពលរដ្ឋត្រូវរងទុក្ខអស់ជាច្រើនខែមកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ ZEE News

Share This Post: