អន្តរជាតិ

លោក Zelenskyy បាននិយាយថា ប្រសិន​បើក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជាជាតិ​មិន​ធ្វើ​សកម្មភាពអ្វី​ទេ ពួកគេគួរតែរំលាយ​ក្រុម​ប្រឹក្សា​នេះចោលទៅ

BY
autoadmin
April 6, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការដកប្រទេសរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកបានប្រាប់សមាជិក UNSC កាលពីថ្ងៃអង្គារថា ជនជាតិរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនៅក្នុងទីក្រុង Bucha ហើយលោកបានចោទប្រកាន់ទាហានរុស្ស៊ីថា បានចាប់ជនរងគ្រោះណាដែលពួកគេបានឃើញ ហើយបន្ទាប់មកក៏សម្លាប់ពួកគេទាំងគ្មានកំហុសអ្វី។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​ការ​ទូត​អង្គការ​សហ​ប្រជាជាតិ​មិន​ធ្វើ​សកម្មភាពអ្វី​ទេ ពួកគេ​គួរ​តែ ​«រំលាយ» ​ក្រុម​ប្រឹក្សា​នេះចោលទៅ។

យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ UN គឺលោក Vassily Nebenzia បានបដិសេធការចោទប្រកាន់នេះ ហើយគាត់បានចោទប្រកាន់ថា ទាហានអ៊ុយក្រែនទៅវិញទេ ដែលកំពុងចាប់ទាហានរុស្ស៊ីដាក់គុក ធ្វើទារុណកម្ម និងសម្លាប់។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការបញ្ឈប់បាញ់បោះ គឺជារឿងសំខាន់ ដែលត្រូវដោះស្រាយនៅពេលនេះ។ លោក​បាន​និយាយ​ថា លោក​រន្ធត់​ចិត្ត​ចំពោះ​រូបភាព​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ Bucha ខណៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងស៊ើបអង្កេតថាវាជាឧក្រិដ្ឋកម្មសង្គ្រាម ឬក៏យ៉ាងណា៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: