អន្តរជាតិ

មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកថយចេញពីតំបន់នៅជុំវិញទីក្រុងគៀវអស់ហើយ

BY
autoadmin
April 7, 2022

មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណម្នាក់បាននិយាយថា ទាហានរុស្ស៊ីបានបញ្ចប់ការដកថយរបស់ពួកគេ ចេញពីតំបន់នៅជុំវិញទីក្រុងគៀវ ហើយពួកគេក៏បានដកខ្លួនចេញពីជុំវិញទីក្រុង Chernihiv ផងដែរ។ ប៉ុន្តែ​ភស្តុតាង​បន្ថែម​ទៀត​កំពុង​លេច​ចេញ​ឡើងជាបន្ដបន្ទាប់ ទាក់ទងនឹង​ការ​សម្លាប់​អ្នក​ស្រុក​ដោយ​មិន​រើសមុន ពីសំណាក់កងកម្លាំងរុស្ស៊ី។ មន្ត្រីរូបនោះបាននិយាយថា ការដកទ័ពចេញគឺដើម្បីបង្រួបបង្រួម និងរៀបចំកងទ័ពឡើងវិញ នៅក្នុងប្រទេសបេឡារុស្ស និងនៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ទីក្រុងកំពង់ផែ Mariupol នៅតែឯកោពីគេដដែល ប៉ុន្តែ​​មិន​បានស្ថិត​នៅ​ក្រោម​ការ​ឡោមព័ទ្ធ​ទៀតទេ។

ទាក់ទងនឹងការសម្លាប់ពលរដ្ឋនៅ Bucha ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពជាច្រើននៅទូទាំងក្រុង ទាំងនៅតាមដងផ្លូវ និងនៅក្រោមគំនរបាក់បែក ហើយសាកសពខ្លះក៏ត្រូវបានដុត។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតនឹងចងក្រង​ឯកសារ​គ្រប់យ៉ាង​ដែល​ពួកគេ​រកឃើញ​ ដើម្បីជា​ភស្តុតាង​សម្រាប់ចោទប្រកាន់រុស្ស៊ីពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្រុមអ្នកស៊ើបអង្កេតក៏បានឃើញផ្នូរដ៏ធំៗ ហើយឃើញក្រុមគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ បានបញ្ចុះសពជនរងគ្រោះជាច្រើនទៀត នៅគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន។ អ្នកស្រុកបាននិយាយថា ទង្វើនេះមិនមែនជាសង្រ្គាមទេ វាជាការប្រល័យពូជសាសន៍៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: