អ៊ុយក្រែនចង់ឲ្យពិភពលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើរុស្ស៊ី ខណៈសភាពអឺរ៉ុបហាក់មានភាពស្ទាក់ស្ទើរ
- BY
- Pheakdey
- April 7, 2022
អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនចង់ឲ្យពិភពលោកដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែមទៀត ជាពិសេសគឺទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដើម្បីបង្ខំឲ្យរុស្ស៊ីឆាប់បញ្ចប់សង្គ្រាមនិងការសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងឃោរឃៅ ខណៈសភាពអឺរ៉ុបហាក់មានភាពស្ទាក់ស្ទើរចំពោះការចង់បានរបស់អ៊ុយក្រែនបែបនេះ។ ក្នុងការធ្វើសេចក្តីថ្លែងការប្រចាំថ្ងៃលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា លោកចង់ឲ្យប្រទេសប្រជាធិបតេយ្យបដិសេធឈប់ប្រើប្រាស់ប្រេងរបស់រុស្ស៊ីនិងបិទខ្ទប់គ្រប់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទាំងស្រុងតែម្តង។

លោកបានបន្តថា ពិភពលោកត្រូវតែដាក់ទណ្ឌកម្មនិងថ្កោលទោសរុស្ស៊ីចំពោះករណីឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូនសាសន៍ ព្រោះជាក់ស្តែងមានពលរដ្ឋស៊ីវិលជាច្រើននាក់បានស្លាប់យ៉ាងអាណោចអាធ័មជារៀងរាល់ថ្ងៃ ខណៈកងទ័ពរុស្ស៊ីអះអាងថាពួកគេមិនបានសម្លាប់ពលរដ្ឋស្លូតត្រង់នោះទេ។ លោក Volodymyr Zelenskyy បន្ថែមទៀតថា ថ្មីៗនេះរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្រ្តដោយពួកគេបានប្រមូលសាកសពជនរងគ្រោះចេញពីផ្លូវនិងចេញពីបន្ទប់ក្រោមដីដើម្បីបំបាត់ភស្តុតាងដែលបង្ហាញថា ពួកគេបានសម្លាប់ពលរដ្ឋស្លូតត្រង់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ីបានអូសបន្ថាយអស់រយៈពេលជាង ៦សប្តាហ៍ហើយ ខណៈឥទ្ធិពលនៃសង្គ្រាមបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណជា ៤លាននាក់ត្រូវភៀសខ្លួនទៅក្រៅប្រទេស ពលរដ្ឋរាប់ពាន់នាក់ត្រូវស្លាប់និងរបួស ខណៈ ១/៤ នៃពលរដ្ឋអ៊ុយក្រែនត្រូវបាត់បង់ផ្ទះសម្បែង៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






