ប្រទេសកាណាដាគ្រោងនឹងចេញច្បាប់ថ្មីមួយ ដែលតម្រូវឱ្យ Facebook, Google និងបណ្ដាញអនឡាញផ្សេងទៀត ទូទាត់ប្រាក់ឱ្យទៅអ្នកចុះផ្សាយព័ត៌មានរបស់ខ្លួន
- BY
- autoadmin
- April 7, 2022
ប្រទេសកាណាដាទំនងជានឹងដើរតាមគន្លងរបស់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ នៅក្នុងការធ្វើឱ្យក្រុមហ៊ុនអ៉ីនធឺណិតត្រូវបង់ប្រាក់ឱ្យអ្នកចុះផ្សាយព័ត៌មាន ដើម្បីអាចប្រើប្រាស់មាតិការបស់ពួកគេបាន។ គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដា បានណែនាំសេចក្ដីព្រាងច្បាប់ថ្មីមួយដែលតម្រូវឱ្យ Facebook, Google និងក្រុមហ៊ុនអនឡាញផ្សេងទៀត ត្រូវទូទាត់ដល់អង្គភាពសារព័ត៌មាន សម្រាប់ការផលិតឡើងវិញ ឬការចូលប្រើមាតិកា។ ប្រាក់នេះនឹងជួយលើកកម្ពស់ «និរន្តរភាព» នៃបណ្ដាញព័ត៌មានរបស់កាណាដា នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាល។

ប្រសិនក្រុមហ៊ុនណាមិនបង់ប្រាក់ឱ្យអ្នកចុះផ្សាយព័ត៌មានកាណាដា ពួកគេនឹងត្រូវប្រឈមមុខនឹងការដោះស្រាយវិវាទ ជាមួយនិយតករទូរគមនាគមន៍កាណាដា គឺគណៈកម្មការវិទ្យុ-ទូរទស្សន៍ និងទូរគមនាគមន៍កាណាដា ហៅថា CRTC ។ ជាមួយគ្នានេះដែរ CRTC ក៏នឹងសម្រេចចិត្តថា តើប្រភពព័ត៌មានណាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទូទាត់នោះ។ ក្រុមមន្ត្រីរបស់កាណាដាយល់ថា ច្បាប់នេះគឺចាំបាច់ខ្លាំងណាស់។ ដោយសារតែឧស្សាហកម្មព័ត៌មានកំពុងមានហានិភ័យ ហើយពួកគេមិនអាចពឹងទៅលើប្រាក់ចំណូល ដែលយកបានពីការផ្សាយពាណិជ្ជកម្មនោះទេ។ មន្ត្រីរបស់កាណាដាក៏បានដាក់សំណើរព្រាងច្បាប់នេះ ដើម្បីឱ្យក្រុមហ៊ុន Meta និង Google ដើម្បីត្រួតពិនិត្យផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget
- Share This Post:






