គ្រូបង្វឹកខ្លាំងទាំង 5 រូបដែលមិនទាន់មានការងារធ្វើចាប់តាំងពីចាកចេញពីក្លឹបមក
- November 15, 2018
រដូវកាលថ្មីបានចាប់ផ្ដើមប្រកួតជិតដល់ពាក់កណ្ដាលផ្លូវហើយ ស្របពេលដែលគ្រូបង្វឹកដែលធ្លាប់តែដឹកនាំក្លឹបធំៗចំនួន 5 នៅទំនេរមិនទាន់មានការងារធ្វើនៅឡើយ ទោះបីជាមានក្លឹបធំៗបានព្យាយាមទាក់ទងពួកគាត់យ៉ាងណាក៏ដោយ។
គ្រូបង្វឹកទាំង 5 ដែលកំពុងទំនេរពីការងារហើយកំពុងសម្រាកលំហែកំសាន្ដនោះមានដូចជា៖
1. លោក Zinedine Zidane អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid៖
បច្ចុប្បន្នគ្រូសញ្ជាតិបារាំងរូបនេះបន្ទាប់ពីចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីបញ្ចប់រដូវកាលកន្លងទៅ មកដល់ពេលនេះលោក Zidane កំពុងនៅទំនេរមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ ស្របពេលដែលពត៌មានចុងក្រោយលេចលឺថាលោក Zidane បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសហើយមានទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United។

2. លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal៖
គ្រូបង្វឹកចាស់វស្សាសញ្ជាតិបារាំងរូបនេះបានដើរចេញពីកីឡដ្ឋាន Emirates Stadium កាលពីពេលបញ្ចប់រដូវកាលមុនក្រោយពេលដឹកនាំក្លឹបកាំភ្លើងធំ Arsenal អស់រយៈពេល 22 ឆ្នាំ។ ពេលនេះលោក Arsene Wenger កំពុងសម្រាកលំហែកាយពីការងារ ហើយនឹងវិលត្រលប់ទៅកាន់ការដឹកនាំវិញនៅក្នុងដើមឆ្នាំ 2019 ខាងមុខ ស្របពេលមានក្លឹបធំៗកំពុងទាក់ទងរូបលោកទៅដឹកនាំ។

3. លោក Antonio Conte អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea៖
ក្រោយពេលអតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea រូបនេះចាកចេញពីទឹកដី Stamford Bridge កាលពីបញ្ចប់រដូវកាលមុនកន្លងទៅ លោក Antonio Conte កំពុងនៅទំនេរមិនទាន់មានការងារធ្វើនៅឡើយទេ ហើយរូបលោកបានប្រកាសថានឹងសម្រាកពីការដឹកនាំក្នុងរយៈពេលអាចដល់ទៅ 1 ឆ្នាំ។ ហើយក្នុងកំឡុងពេលសម្រាកនេះលោក Conte ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងទៅដឹកនាំមានដូចជា៖ Real Madrid ជាដើម ប៉ុន្ដែលោក Conte មានអារម្មណ៍ចង់វិលត្រលប់ទៅដឹកនាំនៅឯប្រទេសកំណើតរបស់លោកវិញ។

4. លោក Louis van Gaal អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United៖
បន្ទាប់ពីដើរចេញពិក្លឹបបិសាចក្រហម Manchester United កាលពីចុងឆ្នាំ 2016 កន្លងមក រហូតមកដល់ពេលនេះគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះមិនទាន់មានការងារធ្វើនៅឡើយទេ។ លោក van Gaal មានក្លឹបធំៗជាច្រើនទាក់ទងរូបលោករួមទាំងក្រុមជម្រើសជាតិហូឡង់ផងដែរ។ ប៉ុន្ដែដោយសារតែមានបញ្ហាគ្រួសារទើបលោក Louis van Gaal មិនទាន់ត្រលប់មកកាន់ការដឹកនាំវិញ ជាពិសេសគ្រូបង្វឹករូបនេះធ្លាប់មានគម្រោងចង់ចូលនិវត្តន៍ទៀតផង។

5. លោក Julen Lopetegui អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid៖
ក្រោយពេលលោក Lopetegui ត្រូវបានក្លឹបអធិរាជសរ Real Madrid បណ្ដេញចេញពីដំណែងកាលពីប៉ុន្មានសប្ដាហ៍មុនដោយសារតែការដឹកនាំ Real Madrid ធ្លាក់ទំរង់លេង រហូតមកដល់ពេលនេះអតីតគ្រូបង្វឹករបស់ក្លឹប Porto និង Real Madrid មួយនេះមិនទាន់មានក្លឹបណាទាក់ទងទៅដឹកនាំនៅឡើយទេ។

បុត្រ
- Share This Post:






