វិចិត្រករតុក្កតាជប៉ុនលោក Fujiko A. Fujio ដែលល្បីល្បាញបំផុតសម្រាប់ស្នាដៃបង្កើតតុក្តតា «Doraemon» បានទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ
- BY
- autoadmin
- April 8, 2022
វិចិត្រករតុក្កតាជប៉ុនដ៏ល្បីឈ្មោះគឺលោក Fujiko A. Fujio បានទទួលមរណភាពនៅក្នុងវ័យ ៨៨ឆ្នាំ នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅឯទីក្រុង Kawasaki ជិតទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ គាត់ត្រូវបានគេស្គាល់សម្រាប់ការបង្កើតតុក្កតាដ៏ពេញនិយមដូចជា Ninja Hattori-kun និង Kaibutsu-kun ឬ ក្មេងបិសាច។ អ្នកបង្កើតគំនូរជីវចលរូបនេះ កើតនៅខេត្ត Toyama ក្នុងឆ្នាំ១៩៣៤ ហើយឈ្មោះពិតរបស់គាត់គឺ Abiko Motoo ។ គាត់បានសហការជាមួយអតីតមិត្តរួមថ្នាក់បឋមសិក្សា គឺលោក Fujimoto Hiroshi ដើម្បីបង្ហាញខ្លួនជាសិល្បករតុក្កតាជាដៃគូ (duet) ក្រោមឈ្មោះ Fujiko Fujio ។

អ្នកទាំង ២ បានផ្លាស់ទៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៥៤ ហើយពួកគេបានរួមគ្នាបង្កើតរឿង Obake no Q-Taro ឬ Little Ghost Q-Taro និងរឿងតុក្កតា និងគំនូរជីវចលល្បីៗជាច្រើនទៀត ហើយក៏ជាអ្នកចូលរួមបង្កើតតុក្កតា Doraemon ជាមួយលោក Fujimoto Hiroshi ។ បន្ទាប់ពីរំលាយភាពជាដៃគូជាមួយលោក Fujimoto នៅក្នុងឆ្នាំ១៩៨៧ លោក Abiko ក៏បានបន្តធ្វើជាវិចិត្រករតុក្កតា នៅក្រោមឈ្មោះជា Fujiko A. Fujio ។
ក្រៅពីរឿងតុក្កតាកំប្លែងដែលមានតួអង្គចម្រុះពណ៌ គាត់បញ្ចេញស្នាដៃដែលពណ៌នាពីផ្នែកងងឹតនៃសង្គមដូចជា Warau Salesman ឬ The Laughing Salesman ។ ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងឥស្សរិយយស Order of the Rising Sun ថ្នាក់ទី៤ គឺ Gold Rays with Rosette សម្រាប់សមិទ្ធិផលរបស់គាត់នៅក្នុងវិស័យនេះ។ ចំណែកមិត្តរបស់គាត់ គឺលោក Fujimoto ដែលជាអ្នកបង្កើត «Doraemon» បានបន្តធ្វើការក្រោមឈ្មោះជា Fujiko F. Fujio បន្ទាប់ពីរំលាយក្រុម ហើយគាត់បានស្លាប់នៅឆ្នាំ១៩៩៦៕


អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






