កំពូលតារាសម្តែងហូលីវូត Will Smith ត្រូវហាមឃាត់មិនឱ្យចូលរួមកម្មវិធី Oscar រយៈពេល ១០ឆ្នាំ
- BY
- autoadmin
- April 9, 2022
សាលាភាពយន្តរបស់ហូលីវូដ កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ បានសម្រេចហាមឃាត់តារាសម្ដែង Will Smith មិនឲ្យចូលរួមក្នុងកម្មវិធី Oscars រយៈពេល ១០ឆ្នាំ បន្ទាប់ពីម្ចាស់ពានរង្វាន់ «តារាសម្តែងល្អបំផុត» រូបនេះបានទះកំផ្លៀងពិធីករ Chris Rock នៅលើឆាកពិធីប្រគល់ពានរង្វាន់ Academy កាលពីជិត ២ សប្ដាហ៍មុន។ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត (Academy of Motion Picture Arts and Sciences) បានចាត់វិធានការនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ មួយសប្តាហ៍បន្ទាប់ពី Smith បានលាលែងពីក្រុម។

ប្រធានបណ្ឌិត្យសភាលោក David Rubin និងនាយកប្រតិបត្តិលោកស្រី Dawn Hudson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពានរង្វាន់អូស្ការលើកទី៩៤ គឺមានន័យថា ជាការអបអរសាទរនៃបុគ្គលជាច្រើននៅក្នុងសហគមន៍របស់យើង ដែលបានធ្វើការងារអស្ចារ្យកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាទាំងនោះត្រូវបានលុបជិតដោយអាកប្បកិរិយាដែលមិនអាចទទួលយកបាន និងបង្កគ្រោះថ្នាក់ដែលយើងបានឃើញរបស់ Mr Smith នៅលើឆាកនោះ»។
ទន្ទឹមនឹងនេះដែរលោក Smith បាននិយាយថា៖«ខ្ញុំទទួលយក និងគោរពការសម្រេចចិត្តរបស់បណ្ឌិត្យសភាសិល្បៈ»។ តារាសម្ដែងរូបនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍សុំទោសចំពោះលោក Rock អ្នកផលិតកម្មវិធី Oscars បេក្ខភាព និងទស្សនិកជនទាំងអស់៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






