អន្តរជាតិ

អ្នកជំនាញអាមេរិកព្រមានពីរលកឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ខណៈ BA.2 ដែលជាវ៉ារ្យ៉ង់ឆ្លងលឿនបំផុតមួយរបស់វា កំពុងរួមចំណែក ២ ភាគ ៣ ក្នុងចំណោមករណីថ្មីៗទាំងអស់

BY
autoadmin
April 9, 2022

ថ្វីបើជំងឺ COVID-19 ហាក់ដូចជាមានការថយចុះនៅក្នុងផ្នែកខ្លះរបស់ពិភពលោក វានៅតែមានការផ្ទុះឡើងនៅទីកន្លែងផ្សេងទៀត ដោយសារតែវ៉ារ្យ៉ង់អូមីក្រុង ខណៈការបំប្លែងខ្លួនជាច្រើនសណ្ឋានរបស់វ៉ារ្យ៉ង់នេះ កំពុងធ្វើឱ្យអ្នកជំនាញព្រួយបារម្ភអំពីរលកថ្មីៗដែលអាចនឹងកើតមាន។ ជាក់ស្ដែង BA.2 ដែលគេហៅថា «stealth omicron» កំពុងក្លាយជាវ៉ារ្យ៉ង់លេចធ្លោនៅសហរដ្ឋអាមេរិក ហើយវាបានចូលរួមចំណែករហូតដល់ទៅ ៧២.២% នៅក្នុងចំណោមករណីទាំងអស់នៅក្នុងសប្ដាហ៍ចុងក្រោយ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ឥឡូវនេះមន្ត្រីសុខាភិបាលកំពុងមើលពីរបៀបដែលអូមីក្រុង រីករាលដាលកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងថាតើវានឹងបង្កឱ្យមានរលកធំមួយទៀត ដូចដែលវាបានកើតឡើងនៅអឺរ៉ុបដែរ ឬទេ។

បើតាមសម្ដីរបស់នាយក CDC គឺលោកស្រីវេជ្ជបណ្ឌិត Rochelle Walensky បាននិយាយថា បើទោះបីជាចំនួនករណីថ្មីនៅសហរដ្ឋអាមេរិកនៅតែមានកម្រិតទាប បើធៀបនឹងពេលផ្ទុះឡើងដំបូងៗក៏ដោយ ក៏សហគមន៍មួយក្តាប់តូចកំពុងកើនមាននូវករណីថ្មីៗ និងការកើនឡើងចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។ លោកស្រីបាននិយាយថា ទីភ្នាក់ងារនឹងបន្តពិនិត្យមើលទិន្នន័យបន្ថែមទៀត ហើយបានអំពាវនាវឱ្យសហគមន៍តាមដានចំនួនករណីជំងឺ COVID-19 នៅក្នុងសហគមន៍ សមត្ថភាពផ្ទុកអ្នកជំងឺនៅមន្ទីរពេទ្យ និងកត្តាផ្សេងទៀត ដើម្បីវាស់ស្ទង់ហានិភ័យតាមតំបន់។ អូមីក្រុង BA.2 មានការចម្លងរាតត្បាតយ៉ាងឆាប់រហ័ស ប៉ុន្តែតាមទិន្នន័យកន្លងមកបានបង្ហាញថា វ៉ារ្យ៉ង់នេះមិនធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរនោះទេ។

វ៉ារ្យ៉ងអូមីក្រុង ត្រូវបានអ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូងរកឃើញក្នុងអំឡុងខែវិច្ឆិកា តាមរយៈការតេស្ដ PCR ដោយសារការធ្វើតេស្ដរហ័សធម្មតា មិនងាយរកឃើញវត្តមានរបស់វានោះទេ។ ចំណែកឯ BA.2 គឺកាន់តែពិបាកក្នុងការធ្វើតេស្ដជាងនេះទៅទៀត ដោយសារតែវាមានរលកសញ្ញាខុសគ្នាពីអូមីក្រុងដើម ដូច្នេះហើយទើបបានគេហៅវាថាជា «stealth omicron» ។ របាយការណ៍កន្លងមកក៏បានបង្ហាញដែរថា អ្នកដែលធ្លាប់ឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ក៏អាចឆ្លង BA.2 ម្ដងទៀតបានដែរ ប៉ុន្តែវាមិនមានភាពខុសគ្នាចំពោះភាពធ្ងន់ធ្ងរ និងរោគសញ្ញា បើធៀបនឹង BA.1 ដែលជាបងប្អូនរបស់វានោះទេ។ វ៉ាក់សាំងបច្ចុប្បន្ននេះ មិនមានការការពារបានច្រើនពី BA.2 ដូចវ៉ារ្យ៉ង់ពីមុនៗនោះទេ ដូច្នេះពលរដ្ឋត្រូវបានជំរុញឱ្យទទួលយកដូសជំរុញបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ CNET

Share This Post: