អន្តរជាតិ

ក្រុមហ៊ុន Moderna កំពុងប្រមូលវ៉ាក់សាំងចំនួន ៧៦៤,៩០០ ដូស ត្រឡប់មកវិញ បន្ទាប់ពីបានរកឃើញមានសារធាតុដទៃនៅក្នុងដបវ៉ាក់សាំង

BY
autoadmin
April 9, 2022

ក្រុមហ៊ុន Moderna កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួនកំពុងប្រមូលមកវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៧៦៤,៩០០ ដូស ដែលផលិតដោយក្រុមហ៊ុនជាប់កិច្ចសន្យារបស់ខ្លួនគឺ Rovi បន្ទាប់ពីដប ១ ត្រូវបានរកឃើញថា មានសារធាតុដទៃដែលខុសពីធាតុផ្សំរបស់វា។ Moderna បាន​និយាយថា មិនមានបញ្ហា​សុវត្ថិភាព​ណាមួយ​ត្រូវ​បាន​គេ​កំណត់នៅឡើយ ខណៈវ៉ាក់សាំងដែលមានលេខដូចគ្នា ​ត្រូវ​បាន​ចែកចាយ​ក្នុង​ប្រទេស​ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និង​ស៊ុយអែត តាំងតែពី​​ខែ​មករា។

ក្រុមហ៊ុនបាននិយាយថា បញ្ហាសារធាតុដទៃនៅក្នុងដបវ៉ាក់សាំងនេះ ខ្លួនបានរកឃើញនៅក្នុងដប ១ តែប៉ុណ្ណោះ ហើយវាកំពុងប្រមូលមកវិញនូវវ៉ាក់សាំងទាំងអស់ ដែលមានលេខកូដផលិតដូចគ្នាដើម្បីជាការបង្ការជាមុន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានប្រាប់ថា មានអ្វីដែលត្រូវបានរកឃើញនៅក្នុងដបនោះទេ។

រំលឹកផងដែរថា អាជ្ញាធរជប៉ុនកាលពីឆ្នាំមុន ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងមួយចំនួនរបស់ Moderna ដែលធ្វើឱ្យក្រុមហ៊ុនត្រូវប្រមូលយកវ៉ាក់សាំងរបស់ខ្លួនមកវិញ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញភាគល្អិតដែកអ៊ីណុកនៅក្នុងដបមួយចំនួន។ គិតមកទល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ត្រូវបានចែកចាយច្រើនជាង ៩០០ លានដូស នៅទូទាំងពិភពលោក។ Moderna បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមិនជឿថាការរកឃើញទាក់ទងនឹងសារធាតុដទៃនៅក្នុងដបវ៉ាក់សាំង បានបង្កហានិភ័យដល់ដបវ៉ាក់សាំងផ្សេងទៀតទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: