អន្តរជាតិ

តួលេខអ្នកឆ្លងកូវីដ-១៩ នៅសៀងហៃបន្តកើនឡើងខ្លាំង ខណៈអាជ្ញាធរកំពុងប្រឈមនឹងបញ្ហាដឹកជញ្ជូនចំណីអាហារជូនប្រជាពលរដ្ឋ

BY
Pheakdey
April 11, 2022

ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ២៥,០០០នាក់​ សម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី១០ ខែមេសាម្សិលមិញនេះ ខណៈ​តួលេខនេះគឺមានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងរយៈពេលកន្លងមក។ ទីក្រុងសៀងហៃដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជា ២៦លាននាក់នោះបានប្រែក្លាយជាស្ងប់ស្ងាត់ គ្មានមនុស្សធ្វើដំណើរ គ្មានសកម្មភាពអាជីវកម្ម និងគ្មានសកម្មភាពកំសាន្តនោះទេ ដ្បិតអាជ្ញាធរបានធ្វើការបិទខ្ទប់ទីក្រុងហិរញ្ញវត្ថុដ៏ធំមួយនេះដើម្បីធ្វើតេស្តគ្រប់ប្រជាពលរដ្ឋទាំងអស់តែម្តង។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅចំពោះមុខនៃការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នេះ អាជ្ញាធរក្រុងសៀងហៃក៏ត្រូវប្រឈមនឹងបញ្ហាមួយទៀតផងដែរនោះគឺ ការដឹកជញ្ជូនចំណីអាហារជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវរហូតធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវត្អូញត្អែរអំពីបញ្ហាខ្វះខាតអាហារសម្រាប់បរិភោគទៀតផង។ គួរបញ្ជាក់ជូនថា ប្រទេសចិនដែលនាពេលកន្លងមកត្រូវបានគេមើលឃើញថាហាក់បានយកឈ្នះលើជំងឺកូវីដ-១៩ ទៅហើយនោះ ស្រាប់តែពេលនេះចិនត្រូវប្រឈមនឹងការរាតត្បាតកូវីដ-១៩ ជាថ្មីម្តងទៀតនិងរាតត្បាតក្នុងលក្ខណៈធ្ងន់ធ្ងរទៀតផង។ គិយត្រឹមពេលនេះចិនមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួនជាង ១,៦ សែននាក់ និងស្លាប់សរុងជាង ៤ពាន់នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: