បោះបង់អាវុធនុយក្លេអ៊ែមែន តែកូរ៉េខាងជើងនៅតែសម្ងំអាវុធយុទ្ធសាស្រ្តល្បឿនលឿនដដែល
បើយោងតាមសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា នាពេលថ្មីៗនេះកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធយុទ្ធសាស្រ្តល្បឿនលឿន (high-tech tactical weapon) របស់ខ្លួនប្រកបដោយភាពជោគជ័យហើយ។ ក្នុងពិធីបាញ់សាកល្បងអាវុធថ្មីនេះ មានការចូលរូមពីសំណាក់មេដឹកនាំកំពូលៗរបស់កូរ៉េខាងជើងជាច្រើនរួមទាំង គីម ជុងអ៊ុនផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ។ តាមរយៈអាវុធសេរីថ្មីនេះបានបង្ហាញថា កូរ៉េខាងជើងមានការរីកចម្រើនផ្នែកយោធាយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។
ការបាញ់សាកល្បងអាវុធថ្មីនេះគឺជាការបាញ់សាកល្បងលើកទីមួយហើយ រាប់ចាប់តាំងពេលដែលលោក គីម ជុងអ៊ុន បានជួបគ្នាជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរីមក។ សូមបញ្ជាក់ថាក្នុងជំនួបនៅក្នុងប្រទេសសិង្ហបុរីនោះ កូរ៉េខាងជើងបានសន្យាថានឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនចោល ហើយអាវុធ ដែលបាញ់សាកល្បងខាងលើនេះមិនមែនជាប្រភេទអាវុធនុយក្លេអ៊ែនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider