WHO កំពុងតាមដានករណីរាតត្បាតកូវីដ-១៩បំប្លែងខ្លួនថ្មី ២ប្រភេទទៀតគឺ BA.4 និង BA.5
- BY
- Pheakdey
- April 12, 2022
កាលពីថ្ងៃចន្ទ ទី១១ ខែមេសាម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា កំពុងតាមដានករណីរាតត្បាតមេរោគនៃជំងឺកូវីដ-១៩ ចំនួន ២ប្រភេទផ្សេងទៀតជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការរាតត្បាតបានយ៉ាងលឿន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ ថ្មីទាំង ២ប្រភេទនេះគឺមេរោគអូមីក្រុង BA.4 និង BA.5 ខណៈនាពេលកន្លងមេរោគដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងត្រូវបានគេរកឃើញមានចំនួន ២ធំៗរួចទៅហើយ គឺមេរោគអូមីក្រុង BA.1 និងBA.2។

ប្រភពខាងលើបានបន្តថា មេរោគនៃជំងឺកូវីដ-១៩អូមីក្រុងបំប្លែងខ្លួនថ្មីប្រភេទ BA.4 ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដាណឺម៉ាក បូតស្វាណា ស្កុតឡេន និងអង់គ្លេស នៅចន្លោះកាលពីថ្ងៃទី ១០ ខែមករា ដល់ថ្ងៃទី ៣០ ខែមីនានេះ។ ចំពោះមេរោគ BA.5 វិញគឺទើបត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងកាលពីសប្តាហ៍មុននេះ ហើយគិតត្រឹមពេលនេះមេរោគថ្មីទាំង ២ប្រភេទនេះបានចម្លងទៅកាន់មនុស្សមួយចំនួនដែលពួកគេមានអាយុចាប់ពី ៣០-៥០ ឆ្នាំ ខណៈអ្នកជំងឺទាំងនោះពុំមានអាការៈធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកកំពុងតាមដានមេរោគថ្មីទាំង ២ប្រភេទនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយគិតត្រឹមពេលនេះគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថា មេរោគថ្មីនេះមានគ្រោះថ្នាក់កម្រិតណានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






