ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះបាក់ដី និងទឹកជំនន់ ដែលបណ្ដាលមកពីព្យុះត្រូពិច Megi បានឆក់យកជីវិតពលរដ្ឋហ្វីលីពីនយ៉ាងហោចណាស់ ២៥ នាក់ និង ១៣,០០០ នាក់ ផ្សេងទៀតត្រូវជម្លៀសខ្លួន

    BY autoadmin April 12, 2022
    គ្រោះបាក់ដី និងទឹកជំនន់ ដែលបណ្ដាលមកពីព្យុះត្រូពិច Megi បានឆក់យកជីវិតពលរដ្ឋហ្វីលីពីនយ៉ាងហោចណាស់ ២៥ នាក់ និង ១៣,០០០ នាក់ ផ្សេងទៀតត្រូវជម្លៀសខ្លួន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្សយ៉ាងតិច ២៥ នាក់បានស្លាប់ នៅក្នុងគ្រោះបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិច Megi បានបោកបក់ប្រទេសនេះ។ រហូតមកដល់ថ្ងៃអង្គារនេះ ក្រុម​ជួយ​សង្គ្រោះ​នៅ​តែបន្ដ​ប្រយុទ្ធ​ ដើម្បី​ទាញ​យក​មនុស្ស​ដែល​ជាប់​គាំង​នៅ​ឆ្នេរ​ភាគ​ខាង​កើត និង​ខាង​ត្បូង។ ជម្រាបដែរថា ព្យុះត្រូពិច Megi បានវាយប្រហារហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាមួយល្បឿនរហូតដល់ ៦៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វា​ជា​ព្យុះ​ទីមួយ​ក្នុង​ឆ្នាំ​នេះសម្រាប់ហ្វីលីពីន ​ខណៈដែលជា​ធម្មតាប្រទេសនេះ​មាន​ខ្យល់​ព្យុះ​ជា​មធ្យម​ចំនួន ២០ ក្នុង​មួយ​ឆ្នាំ។

    ជាមួយគ្នានេះដែរ មានមនុស្សជាង ១៣,០០០ នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកខ្ពស់ៗ ខណៈដែលខ្យល់ព្យុះបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើត ធ្វើឱ្យមានភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​កន្ត្រាក់ ដែល​បាន​ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី ជន់​លិច​ផ្ទះ និង​ស្រែចម្ការ និង​បង្ក​ឱ្យ​មានការ​បាក់​ដី​នៅតាម​ភូមិ​។ អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង Baybay បាននិយាយកាលពីថ្ងៃចន្ទថា តំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ត Leyte ជាកន្លែងដែលមានសាកសពចំនួន ២២ ត្រូវបានគេកាយចេញមកបាន បន្ទាប់ពីត្រូវបានកប់នៅក្រោមដី។ សាកសពចំនួន ៣ ផ្សេងទៀត ត្រូវបានរកឃើញនៅតំបន់ Davao ភាគខាងត្បូង នេះបើតាមការទីភ្នាក់ងារគ្រោះមហន្តរាយជាតិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: