កូរ៉េខាងត្បូងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដូសជម្រុញទី ២ជូនពលវ័យចំណាស់ដើម្បីទប់ទល់ជាមួយនឹងអូមីក្រុង
- BY
- Pheakdey
- April 13, 2022
កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធ ទី១៣ ខែមេសានេះបានប្រកាសថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជម្រុញទី ២ (ត្រូវជាដូសទី ៤ បើគិតទាំងដូសមូលដ្ឋាន) ទៅកាន់ក្រុមពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំឡើងនៅទូទាំងប្រទេស។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋវ័យចំណាយនេះគឺត្រូវបានធ្វើឡើងដើមទប់ទល់នឹងរលកនៃមេរោគកូវីដ-១៩ អូមីក្រុង ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២ដូសជូនប្រជាពលរដ្ឋខ្លួនបានចំនួន ៨៦% ខណៈមានពលរដ្ឋ ៦៣% បានចាក់ដល់ដូសជម្រុញ។ ចំពោះករណីឆ្លងវិញគឺកូរ៉េខាងត្បូងមានតួលេខអ្នកឆ្លងប្រចាំថ្ងៃប្រមាណជា ២សែននាក់ ករណីឆ្លងសរុបមានចំនួនជាង ១៥លាននាក់ និងករណីស្លាប់សរុបមានជាង ២ម៉ឺននាក់ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបជិត ៥២លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






