អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងនឹងដកចេញរាល់ការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ រួមទាំងបម្រាមគោចរនៅដើមសប្តាហ៍ក្រោយនេះ

BY
autoadmin
April 15, 2022

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងដកចេញការរឹតបន្តឹងភាគច្រើនទាក់ទងនឹងជំងឺរាតត្បាត COVID-19 នៅដើមសប្តាហ៍ក្រោយ រួមទាំងបម្រាមគោចរនៅពាក់កណ្តាលអធ្រាត្រ សម្រាប់អាហារដ្ឋានផងដែរ ដោយសារករណីជំងឺ COVID-19 និងវ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញសញ្ញានៃការថយចុះ។ លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំឆ្លើយតបនឹងមេរោគឆ្លងថា ចាប់ពីថ្ងៃទី១៨ ខែមេសា តទៅ បម្រាមគោចរពាក់កណ្តាលអធ្រាត្រលើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀតនឹងត្រូវលុបចោល រួមជាមួយនឹងការកំណត់ចំនួនមនុស្ស ១០ នាក់ នៅក្នុងការជួបជុំបែបឯកជន។

រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងព្រឹត្តិការណ៍ផ្សេងទៀត ដែលមានមនុស្សពី ៣០០នាក់ ឬច្រើនជាងនេះ  ខណៈនឹងដកការរឹតត្បឹតលើសមត្ថភាពផ្ទុក ៧០% នៅឯទីតាំងទាក់ទងនឹងសាសនា។ លោក Kim បាននិយាយថា៖«ការពាក់ម៉ាស់នៅតែជាមធ្យោបាយដ៏សំខាន់បំផុតដើម្បីការពារខ្លួនយើង។ វាជៀសមិនរួចក្នុងការព្យាយាមពាក់ម៉ាស់ទាំងនៅក្នុងអគារ (indoor) សម្រាប់ពេលវេលាចាំបាច់នេះ»។ ពាក់ព័ន្ធនឹងការពាក់ម៉ាស់នៅខាងក្រៅ លោក Kim បាននិយាយថា  រដ្ឋាភិបាលនឹងពិនិត្យឡើងវិញថា តើត្រូវលុបចោលការរឹតបន្តឹងដែលមានស្រាប់ក្នុងរយៈពេល ២ សប្តាហ៍ទៀត អាស្រ័យលើស្ថានភាពមេរោគ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: