ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសស្រីលង្កាបានប្រកាសក្ស័យធន ហើយមិនអាចសងបំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនជំពាក់នោះទេ

    BY autoadmin April 16, 2022
    ប្រទេសស្រីលង្កាបានប្រកាសក្ស័យធន ហើយមិនអាចសងបំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនជំពាក់នោះទេ

    ថ្មីៗនេះរដ្ឋាភិបាលស្រីលង្កាបានបង្ហាញសញ្ញាថា ប្រទេសរបស់ខ្លួនគឺធ្លាក់ចូលក្នុងភាពក្ស័យធន ដោយប្រកាសផ្អាកជាបណ្តោះអាសន្ននៃការសងបំណុលខាងក្រៅទាំងអស់ ចាប់តាំងពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ដោយនិយាយថា ប្រទេសនេះមិនអាចគោរពការប្តេជ្ញាចិត្តរបស់ខ្លួនបានទៀតទេ ដោយសារស្ថានភាពហិរញ្ញវត្ថុខ្សោយខ្លាំង ដែលបណ្តាលមកពីការប៉ះទង្គិចខាងក្រៅ និងខាងក្នុង។ ប្រទេសនេះក៏បានជំរុញឱ្យពលរដ្ឋនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះ ដើម្បីជួយទូទាត់ថ្លៃអាហារ និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់កាលពីថ្ងៃពុធ បន្ទាប់ពីបានប្រកាសមិនអាចទូទាត់បំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនបានជំពាក់។

    ប្រទេសកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃទំនិញសំខាន់ៗ និងការដាច់ភ្លើងជាប្រចាំថ្ងៃ ដែលបង្កឱ្យមានការលំបាកយ៉ាងទូលំទូលាយ។ អាជ្ញាធរកំពុងទទួលរងនូវការខឹងសម្បារជាសាធារណៈ និងការតវ៉ាដ៏ខ្លាំងក្លា ដែលទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង មុនពេលការចរចារសម្រាប់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) នឹងចាប់ផ្ដើម។ រដ្ឋាភិបាលក៏កំពុងស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីដៃគូពហុភាគី និងទ្វេភាគីផ្សេងទៀត ដើម្បីសម្រាលទុក្ខលំបាកដែលប្រជាជនកំពុងប្រឈម៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia, FT

    Share This Post: