ប្រទេសរុស្ស៊ីបានផ្ញើកំណត់ទូតផ្លូវការមួយ ដើម្បីព្រមានអាមេរិកឱ្យឈប់បញ្ជូនអាវុធឲ្យអ៊ុយក្រែន
- BY
- autoadmin
- April 16, 2022
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានផ្ញើកំណត់ទូតផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ព្រមានអំពី «ផលវិបាកដែលមិនអាចទាយទុកជាមុនបាន» ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែន។ កាសែត Washington Post បានរាយការណ៍នៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពិនិត្យទៅលើឯកសារដែលបានចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ជាភាសារុស្សី ជាមួយនឹងការបកប្រែមានចំណងជើងថា «ការព្រួយបារម្ភរបស់រុស្ស៊ី ក្នុងបរិបទនៃការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាយ៉ាងច្រើនដល់ទីក្រុងកៀវ»។

តាមសេចក្តីរាយការណ៍ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀតថា បានរំលោភលើគោលការណ៍ គ្រប់គ្រងការផ្ទេរអាវុធទៅកាន់តំបន់ជម្លោះ។ ទីក្រុងមូស្គូ បានចោទប្រកាន់ពួកគេទាំងនោះ ពីបទភ្លេចខ្លួនចំពោះ «ការគំរាមកំហែងនៃអាវុធទំនើប ដែលធ្លាក់ចូលទៅក្នុងដៃរបស់ពួកអ្នកជាតិនិយមជ្រុល ពួកជ្រុលនិយម និងក្រុមចោរ នៅក្នុងអ៊ុយក្រែន»។
របាយការណ៍បាននិយាយថា ប្រទេសរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ «បញ្ឈប់ការធ្វើយោធាដោយគ្មានការទទួលខុសត្រូវរបស់អ៊ុយក្រែន ដែលបានបង្ហាញពីផលវិបាកដែលមិនអាចទាយទុកជាមុនបាន សម្រាប់សន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ»។ ទូរទស្សន៍ CNN បានដកស្រង់ប្រភពដែលស្គាល់កំណត់ទូតរុស្ស៊ី បាននិយាយថា វាអាចជាសញ្ញាបង្ហាញជំហររបស់រុស្ស៊ី ដែលមិនចុះញមជាមួយអាមេរិក និងណាតូ នៅពេលដែលសង្រ្គាមនៅតែបន្ត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






