ប្រទេសចិនបានបិទខ្ទប់ទីក្រុង Xi’an ជាដំណាក់កាល ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង
- BY
- autoadmin
- April 16, 2022
ទីក្រុង Xi’an ភាគពាយ័ព្យរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងដាក់ការបិទខ្ទប់តាមផ្នែកជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយចលនារបស់អ្នកស្រុកចំនួន ១៣ លាននាក់របស់ទីក្រុង បន្ទាប់ពីទីក្រុងនេះបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 រាប់សិបករណី នៅក្នុងខែនេះតែមួយ។ ចាប់តាំងពីខែមីនាមក ប្រទេសចិនដីគោកបាននឹងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុត ចាប់តាំងពីជំងឺរាតត្បាតមួយនេះ បានលេចចេញជាលើកដំបូងនៅក្នុងទីក្រុង Wuhan នៅចុងឆ្នាំ២០១៩។

ទោះបីជាចំនួននេះនៅតែមានកម្រិតមធ្យម បើប្រៀបធៀបអន្តរជាតិក៏ដោយ រលកចុងក្រោយនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើគោលនយោបាយ បោសសម្អាតជំងឺរាតត្បាតរបស់ប្រទេសចិន ដែលមានគោលបំណងមិនឱ្យករណីណាមួយត្រូវបានមើលរំលង ដោយប្រើប្រាស់វិធានការតឹងតែង ប៉ុន្តែបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចក្នុងស្រុក។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា មិនគួរមានការបន្ធូរបន្ថយក្នុងការគ្រប់គ្រង និងការពារមេរោគឡើយ ខណៈដែលប្រទេសចិននឹងខិតខំកាត់បន្ថយផលប៉ះពាល់របស់គោលនយោបាយមួយនេះ ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
រំលឹកដែរថា ទីក្រុង Xi’an ដែលធ្លាប់បានបិទខ្ទប់អ្នកស្រុករបស់ខ្លួនក្នុងខែធ្នូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់ដែលតា បានរកឃើញការឆ្លងក្នុងស្រុកចំនួន ៤៣ នៅក្នុងរលកបច្ចុប្បន្នរបស់ខ្លួន ដែលទាក់ទងនឹងវ៉ារ្យ៉ង់អូមីក្រុង។ ទីក្រុងបានឆ្លើយតបជាមួយនឹងការទប់ស្កាត់ចលនារបស់អ្នកស្រុកពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារ ទោះបីជាបានដាក់ចេញការបិទខ្ទប់ទីក្រុងពេញលេញត្រឹមរយៈពេលដ៏ខ្លី៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






