អន្តរជាតិ

ទឹកជំនន់នៅប្រទេសអាហ្រ្វិកខាងត្បូង បានឆក់យកជីវិតមនុស្សចំនួន ៤៤៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតត្រូវបាត់ខ្លួន

BY
autoadmin
April 18, 2022

មន្ត្រីក្នុងតំបន់កាលពីថ្ងៃអាទិត្យបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលវាយលុកឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៤៤៣ នាក់ រួមទាំងអ្នកជួយសង្គ្រោះម្នាក់ផងដែរ ខណៈដែលមនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។ លោក Sihle Zikalala នាយករដ្ឋមន្ត្រីនៃខេត្ត KwaZulu-Natal បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ចំនួនអ្នកស្លាប់ឥឡូវនេះមានចំនួន ៤៤៣ នាក់» ដោយបន្ថែមថា មនុស្សចំនួន ៦៣ នាក់ផ្សេងទៀត នៅតែមិនទាន់រាប់បញ្ចូល។ សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះ មានបញ្ហាពិបាកដកដង្ហើម ហើយត្រូវបានបញ្ជូនតាមអាកាសទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលគាត់បានស្លាប់។

ភ្លៀងបានចាប់ផ្តើមថយចុះនៅភាគខាងកើតដែលរងការខូចខាតដោយទឹកជំនន់ ដែលអនុញ្ញាតឱ្យប្រតិបត្តិការស្វែងរក និងបន្ដជំនួយសង្គ្របស់ពួកគេ បន្ទាប់ពីព្យុះដ៏សាហាវ Issa បានវាយប្រហារក្នុងប្រទេសនេះ។ លោក Zikalala និយាយថា៖«អាកាសធាតុអាក្រក់បានធ្វើឱ្យការវាយតម្លៃ និងប្រតិបត្តិការជួយសង្គ្រោះរបស់យើងយឺតយ៉ាវ ប៉ុន្តែយើងត្រឡប់មកវិញម្តងទៀត»។ ជម្រាបដែរផងថា ទឹកជំនន់បានលេបត្របាក់ផ្នែកខ្លះនៃទីក្រុងឆ្នេរសមុទ្រភាគអាគ្នេយ៍ គឺទីក្រុង Durban និងតំបន់ជុំវិញនោះកាលពីដើមសប្តាហ៍មុន ដែលធ្វើឱ្យខូចផ្លូវថ្នល់ បំផ្លាញមន្ទីរពេទ្យ បោកបក់ផ្ទះសម្បែង និងពលរដ្ឋដែលជឫប់គាំង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: