អន្តរជាតិ

អ៊ុយក្រែនបំពេញឯកសាររួចរាល់ដើម្បីស្នើសុំចូលជាសមាជិកនៃសហភាពអឺរ៉ុប

BY
Pheakdey
April 18, 2022

អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសានេះបានឲ្យដឹងថា​ ​ប្រទេសអ៊ុយក្រែនបានបំពេញឯកសាររួចរាល់ដើម្បីដាក់ស្នើសុំចូលជាសមាជិកផ្លូវការនៃសហភាព​អឺរ៉ុប។ បើតាមលោក Ihor Zhovkva ដែលជាអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា គឺនៅត្រឹមព្រឹកថ្ងៃចន្ទនេះរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានបំពេញឯកសាររួចរាល់អស់ហើយសម្រាប់ការក្លាយខ្លួនជាសមាជិកនៃសហភាពអឺរ៉ុប ខណៈសំណើសមាជិកភាពនេះនឹងត្រូវត្រួតពិនិត្យ ផ្តល់មតិ និងអនុម័តដោយគណៈកម្មការអឺរ៉ុបនៅពេលបន្ទាប់ទៀត។

គួររម្លឹកជូនថា សំណុំឯកសារសម្រាប់ស្នើសុំចូលជាសមាជិកនៃសហភាពអឺរ៉ុបនេះត្រូវបានលោកស្ត្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មការអឺរ៉ុបប្រគល់ជូនលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដោយផ្ទាល់ក្នុងអំឡុងពេលដែលលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ៨ ខែមេសាកន្លងទៅនេះ។ ប្រភពខាងលើបានបញ្ជាក់ផងដែថា ក្រុមប្រឹក្សានៃសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំវិញសំណើរបស់ប្រទេសអ៊ុយក្រែននេះនៅថ្ងៃទី ២៣ និង ២៤ ខែមេសាខាងមុខនេះហើយ ខណៈការសម្រេចផ្លូវការយ៉ាងណានិងពេលណានោះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: