យោធារុស្ស៊ីវាយប្រហារតាមអាកាសទាំងយប់លើទីក្រុង Lviv របស់អ៊ុយក្រែន និងបានទម្លាក់គ្រាប់បែកនៅទីតាំងជាច្រើនទៀត
- BY
- autoadmin
- April 18, 2022
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធ និងឧបករណ៍យោធាចំនួន ៤ នៅអ៊ុយក្រែនពេញមួយយប់ និងបានវាយប្រហារគោលដៅនៅអ៊ុយក្រែនចំនួន ៣១៥ ទីតាំង។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា កងទ័ពនៅក្នុងទីក្រុងកំពង់ផែ Mariupol នៅតែប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យ បើទោះបីជាមានការទាមទារពីរុស្ស៊ីឱ្យចុះចាញ់ក៏ដោយ។ គាត់បានប្រាប់កម្មវិធី «សប្តាហ៍នេះ» របស់ប៉ុស្ដិ៍ ABC ថា៖«ទីក្រុងនេះនៅតែមិនដួលរលំ» ដោយបន្ថែមថា ទាហានអ៊ុយក្រែនបានបន្តគ្រប់គ្រងផ្នែកខ្លះរបស់ទីក្រុង។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មីស៊ីលបានវាយប្រហារទីក្រុង Lviv ភាគខាងលិចកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ៩នាក់ ហើយការផ្ទុះបានកក្រើកទីក្រុងផ្សេងទៀត ខណៈដែលកងកម្លាំងរុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេ បន្ទាប់ពីបានគ្រប់គ្រងស្ទើរតែទាំងស្រុងលើកំពង់ផែ Mariupol ភាគខាងត្បូង។ ដោយសារការតស៊ូរបស់អ៊ុយក្រែននៅភាគខាងជើង វាបានធ្វើឱ្យយោធារុស្ស៊ីបានផ្តោតការវាយលុកឡើងវិញនៅក្នុងខេត្តភាគខាងកើតចំនួន ២ ដែលគេស្គាល់ថា Donbas ខណៈបើកការវាយប្រហារពីចម្ងាយទៅកាន់គោលដៅផ្សេងទៀត រួមទាំងរដ្ឋធានី Kyiv ផងដែរ។
ការចាប់យក Mariupol នឹងក្លាយជារង្វាន់យុទ្ធសាស្ត្រដ៏ធំសម្រាប់រុស្ស៊ី ដោយភ្ជាប់ទឹកដីកាន់កាប់ដោយពួកបំបែកខ្លួននិយមរុស្ស៊ីនៅភាគខាងកើត ជាមួយតំបន់គ្រីមេ ដែលក្រុងម៉ូស្គូដាក់បញ្ចូលក្នុងឆ្នាំ២០១៤។ អភិបាលតំបន់ Lviv លោក Maksym Kozystkiy បាននិយាយថា មីស៊ីលបានវាយប្រហារទីតាំងយោធាជាច្រើន និងកន្លែងផ្តល់សេវាសំបកកង់រថយន្តមួយកន្លែង៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






