អន្តរជាតិ

ប្រទេសជប៉ុនអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Novavax

BY
autoadmin
April 19, 2022

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ បានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Novavax ដែលជាវ៉ាក់សាំងអភិវឌ្ឍន៍ដោយបរទេសទី៤ ដែលត្រូវបានអនុម័តក្នុងប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺ COVID-19 ខណៈដែលប្រទេសនេះក៏កំពុងមើលឃើញពីសញ្ញានៃការកើតឡើងវិញ ដែលបណ្ដាលមកពីវ៉ារ្យ៉ង់អូមីក្រុង ដែលជាប្រភេទរីករាលដាលយ៉ាងឆាប់រហ័សបំផុត។ វ៉ាក់សាំង Novavax នឹងត្រូវដាក់ឱ្យប្រើប្រាស់ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ការអនុម័តរបស់ក្រសួងធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញជប៉ុនបានយល់ព្រម លើការប្រើប្រាស់វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីនរបស់ Novavax ដែលត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិជ្ជាស្រដៀងគ្នា ទៅនឹងថ្នាំប្រឆាំងជំងឺផ្តាសាយ និងជំងឺរលាកថ្លើមប្រភេទ B (វ៉ាក់សាំងទាំង ២ ដូសដំបូង និងដូសជំរុញទី១)។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Shigeyuki Goto បានប្រាប់អ្នកយកព័ត៌មានថា ផលិតផលរបស់ Novavax បន្ថែមភាពសម្បូរបែបទៅនឹងជម្រើសដែលមានស្រាប់ ហើយអាចឱ្យអ្នកដែលស្ទាក់ស្ទើរក្នុងការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ Pfizer និង Moderna មានជម្រើសបន្ថែមទៀតបាន។ វ៉ាក់សាំង Novavax ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយនៅចុងខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: