អន្តរជាតិ

ថៃគ្រោងដាក់បញ្ចូល”បាយដំណើបស្វាយទុំ”ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ក្រោយអាហារប្រពៃណីមួយនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើឆាកអន្តរជាតិ

BY
Pheakdey
April 19, 2022

ថៃ៖ គណៈកម្មាធិការគតិបណ្ឌិតនិងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃអាចនឹងស្នើសុំអង្គការយូណេស្កូ (Unesco) ឲ្យដាក់បញ្ចូលអាហារថៃមួយប្រភេទគឺបាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌ថៃ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ លោកនាយករដ្ឋមន្ត្រីថៃបានបង្ហាញសុទិដ្ឋិនិយមថា បាយដំណើបស្វាយទុំ (Mango Sticky Rice ឬសំនៀងជាភាសាថៃហៅថា Khao Nieo Mamuang) អាចនឹងក្លាយជាកម្លាំងទន់ (Soft Power) ដ៏មានប្រសិទ្ធភាពមួយសម្រាប់លើកកម្ពស់វប្បធម៌និងសេដ្ឋកិច្ចថៃនៅលើឆាកអន្តរជាតិ។

គួររម្លឹកជូនថា បាយដំណើបស្វាយទុំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោកក្រោយពីមានតារាចម្រៀងថៃម្នាក់គឺកញ្ញា Danupha “Milli” Khanatheerakul បានយកជាអាហារប្រពៃណីថៃមួយប្រភេទនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីលំដាប់អន្តរជាតិដ៏ធំនៅអាមេរិកគឺកម្មវិធី Coachella Valley Music and Arts Festival កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ វីដេអូញ៉ាំបាយដំណើបជាមួយស្វាយទុំរបស់តារាចម្រៀងរ៉េបវ័យ ១៩ឆ្នាំរូបនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោកចូលមើលរាប់លានដងក្នុងរយៈពេលដ៏ខ្លីជាមួយនឹងការបង្ហាញចំណាប់អារម្មណ៍ថា ពួកគេចង់ភ្លក់រសជាតិអាហារថៃនេះខ្លាំងណាស់៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: