ជប៉ុនផលិតចង្កឹះអេឡិចត្រូនិចដែលអាចជួយកាត់បន្ថយកម្រិតជាតិអំបិលក្នុងអាហារបាន
- BY
- Pheakdey
- April 19, 2022
ជប៉ុន៖ អ្នកវិទ្យសាស្រ្តជប៉ុនបានអភិវឌ្ឍន៍ចង្កឹះអេឡិចត្រូនិចដ៏ទំនើបមួយប្រភេទ ដែលអ្នកប្រើប្រាស់អាចកាត់បន្ថយកម្រិតជាតិអំបិលនៅក្នុងអាហាររបស់ពួកគេបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ បើតាមលោក Homei Miyashita ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Meiji និងជាសហស្ថាបនិកចង្កឹះអេឡិចត្រូនិចនេះបានបញ្ជាក់ថា ចង្កឹះដ៏ឆ្លាតវ័យនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកតមអាហារដើម្បីរក្សាសុខភាព ពោលគឺសម្រាប់អ្នកចង់កាត់បន្ថយអំបិលក្នុងចំណីអាហារ តែចង់រក្សាកម្រិតរសជាតិអាហារឲ្យនៅដដែល។

លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ដើម្បីអាចប្រើប្រាស់ចង្កឹះអេឡិចត្រូនិចនេះបានគឺអ្នកប្រើប្រាស់ទាំងអស់ត្រូវពាក់ឧបករណ៍មួយនៅកដៃរបស់ពួកគេដែលបានតភ្ជាប់ជាមួយចង្កឹះ ហើយឧបករណ៍នៅកដៃនោះនឹងជួយបញ្ជូនសារធាតុអ៊ីយ៉ុងសូដ្យូមពីអាហារទៅកាន់មាត់មនុស្សតាមរយៈចុងចង្កឹះ ដែលធ្វើមាត់អ្នកញ៉ាំអាហារមានអារម្មណ៍ថាអាហារមានជាតិប្រៃជាងធម្មតា ១,៥ដង។ ដូចនេះវាមានន័យថាដើម្បីញ៉ាំអាហារឲ្យមានរសជាតិប្រៃល្មម គឺអ្នកប្រើប្រាស់ចង្កឹះអេឡិចត្រូនិចទាំងអស់នឹងត្រូវបន្ថយជាតិអំបិលក្នុងអាហាររបស់របស់ពួកគេឲ្យតិចជាងធម្មតាចំនួន ១,៥ដងដែរ។ សូមបញ្ជាក់ជូនថា ការទទួលទានសារធាតុប្រៃលើសកម្រិតនឹងធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺធាត់ជ្រុល ហើយភាពធាត់ជ្រុលនឹងបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា បញ្ហាបេះដូង ជំងឺលើសឈាម ដាច់សរសៃឈាម និងជំងឺទឹកនោមផ្អែមជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






