ប្រទេសជប៉ុនបានដាក់ការហាមឃាត់ការនាំចូលផលិតផលចំនួន ៣៨ មុខ ពីប្រទេសរុស្ស៊ី
- BY
- autoadmin
- April 19, 2022
ប្រទេសជប៉ុនបានដាក់ការហាមឃាត់ការនាំចូលផលិតផលចំនួន ៣៨មុខ ពីប្រទេសរុស្ស៊ី ដែលជាវិធានការបន្ថែមទៀត ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះជាលើកទី១ ដែលទីក្រុងតូក្យូ បានដាក់បម្រាមការនាំចូលពីរុស្ស៊ី ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ ផលិតផលទាំងនោះរួមមាន៖ ភេសជ្ជៈមានជាតិអាល់កុល ដូចជាវ៉ូដកា ក៏ដូចជារបស់របរដែលទាក់ទងនឹងឈើ និងម៉ាស៊ីនអគ្គិសនី។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទំនិញហាមឃាត់ទាំងនោះ គឺតំណាងឱ្យត្រឹមតែ ១.១% ធៀបនឹងការនាំចូលសរុបរបស់ប្រទេសជប៉ុន ពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្មនិយាយថា ឥទ្ធិពលលើឧស្សាហកម្មក្នុងស្រុកនឹងមានកម្រិត ដោយសារផលិតផលបែបនេះអាចទទួលបានតាមរយៈមធ្យោបាយដទៃទៀត។
អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុននិយាយថា ទណ្ឌកម្មអន្តរជាតិកំពុងចាប់ផ្តើមមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ ជាក់ស្ដែងប្រធានខុទ្ទកាល័យលោក Matsuno Hirokazu មានប្រសាសន៍ថា៖«ដើម្បីបញ្ឈប់ការកើនឡើងនៃជម្លោះបន្ថែមទៀត និងដើម្បីនាំមកនូវបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រទេសជប៉ុនកំពុងសហការជាមួយសហគមន៍អន្តរជាតិ ដោយការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ី»។ រដ្ឋាភិបាលមិនបានហាមឃាត់ការទិញឧស្ម័នធម្មជាតិ និងប្រេងពីរុស្ស៊ីនោះទេ ដោយលើកឡើងពីសន្តិសុខផ្នែកថាមពល៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






