ទូកទេសចរណ៍ថៃ ដែលបានលិចសម្លាប់ក្រុមទេសចរណ៍ចិនរាប់សិបនាក់កន្លងទៅនោះ ឥលូវនេះបានស្រង់ចេញពីសមុទ្រហើយ (មានវីដេអូ)
ថៃ៖ ក្រុមអ្នកស៊ើបអង្កេតថៃបានបើកការស៊ើបអង្កេតពិសេសមួយទៅលើករណីទូកទេសចណ៍របស់ថៃ Phoenix ដែលបានលិចចូលទៅក្នុងសមុទ្រ ភូកេត និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិនជាច្រើននាក់កាលពីប៉ុន្មានខែមុខនេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថៃលោក Weerasak Kowsurat បានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតនេះមានគោលបំណងចង់ស្វែងរកមូលហេតុទាំងអស់ ដែលជាកត្តានាំឲ្យទូកនោះលិច ព្រោះថាក្រោយពេលកើតហេតុភ្លាមៗគេអាចដឹងត្រឹមថា កត្តាមិនប្រុងប្រយ័ត្នរបស់មនុស្សគឺជាមូលហេតុនាំឲ្យទូកលិច។ យ៉ាងណាក្តី លទ្ធផលបឋមនៃការស៊ើបអង្កេតក៏បង្ហាញថា កំហុសបច្ចេកទេសក្នុងការរចនាម៉ូតទូកក៏ជាកត្តាមួយជំរុញឲ្យទូកនោះលិចដែរ។
រហូតមកទល់នឹងពេលនេះគេនៅតែបន្តការសិក្សាក្នុងករណីនេះ ដើម្បីស្វែងរកឲ្យឃើញច្បាស់ពីកំហុសបច្ចេកទេស និងកត្តាផ្សេងៗជំរុញឲ្យទូកលិច ដើម្បីធានាថាគេអាចទប់ស្កាត់បញ្ហា នេះមិនឲ្យកើតមានម្តងទៀត និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យត្រលប់មកកំសាន្តក្នុងប្រទេសថៃដូចការពីមុនវិញ។ សូមរម្លឹកជូនថា ទូកទេសចរណ៍មួយនេះបានលិចកាលពីថ្ងៃទី ៥ ខែ កក្កដា កន្លងទៅនេះ និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិន ៤៧ នាក់ ហើយក្រោយពីមានហេតុការណ៍នេះចំនួនភ្ញៀវទេសចរណ៍ចិនទៅកំសាន្តក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង៕

https://youtu.be/EZ0ma8TXNFo
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost