អាមេរិក អង់គ្លេស និងកាដាណាសន្យាផ្តល់កាំភ្លើងធំប្រឆាំងយន្តហោះ និងរថក្រោះ ជាច្រើនបន្ថែមទៀតទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- April 20, 2022
អាមេរិក អង់គ្លេស និងកាដាណាកាលពីថ្ងៃអង្គារ ទី១៩ ខែមេសានេះបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនជាច្រើនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសន្យាព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងលោកនាយករដ្ឋមន្ត្រីកាដាណា Justin Trudeau បានជួបគ្នាតាមរយៈការសន្ទនាតាមវីដេអូ (Video Call) ជាមួយគ្នាដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីក្នុងជំហ៊ានថ្មីមួយទៀត។

ប្រភពខាងលើបានបន្តថា ជំនួយយោធាដែលក្រុមប្រទេសទាំង ៣ខាងលើនេះគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះគឺកាំភ្លើងធំដែលជាប្រភេទអាវុធសម្រាប់បាញ់យន្តហោះនិងក្បួនរថក្រោះក្នុងរយៈចម្ងាយឆ្ងាយ។ គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃបន្ទាប់ទៀតនេះអាមេរិកក៏គ្រោងនឹងបញ្ជូនជំនួយយោធាមួយកញ្ចប់ដាច់ដោយឡែកផ្សេងទៀតកាន់ប្រទេសអ៊ុយក្រែនផងដែរ ដោយកញ្ចប់ជំនួយនោះមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ ខណៈបើគិតចាប់តាំងពីខែកុម្ភៈមកគឺសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






