អន្តរជាតិ

គិតត្រឹមដើមសប្តាហ៍នេះ ជនភៀសខ្លួនចេញពីអ៊ុយក្រែនកើនដល់ជាង ៥លាននាក់ហើយ

BY
Pheakdey
April 20, 2022

គិតត្រឹមពេលនេះចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនឡើងជាង ៥លាននាក់ហើយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ដែលត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍។ តួលេខជនភៀសខ្លួននៅក្នុងរបាយការណ៍នេះគឺត្រូវបានកត់ត្រាចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈមក ពោលគឺគិតចាប់ពីថ្ងៃដែលកងទ័ពរុស្ស៊ីផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនជាលើកដំបូងមក។

ប្រភពខាងលើបានបញ្ជាក់ថា តួលេខផ្លូវការនៃចំនួនពលរដ្ឋអ៊ុយក្រែនដែលបានភៀសខ្លួនចេញក្រៅប្រទេសមានចំនួន ៤,៩៨០,៥៨៩នាក់គិតត្រឹមដើមសប្តាហ៍នេះ ហើយបើគិតបញ្ចូលទាំងក្រុមសិស្ស និស្សិត និងពលករចំណាកស្រុកប្រមាណជា ២១៥,០០០នាក់ផ្សេងទៀតដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនដែរនោះ គឺចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនសរុបអាចមានដល់ខ្ទង់ ៥,២លាននាក់។ គួរបញ្ជាក់ជូនថា ភាគច្រើននៃជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគឺពួកគេបានទៅសុំសិទ្ធជ្រកកោនក្នុងប្រទេសជិតខាងមានដូចជាប្រទេសប៉ូឡូញ និងរូម៉ានីជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: