នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ធ្វើការសុំទោសចំពោះការធ្វើពិធីខួបកំណើតនៅអំឡុងពេលបិទខ្ទប់ប្រឆាំងនឹងជំងឺកូវីដ១៩ កាលពី ២ ឆ្នាំមុន
- BY
- autoadmin
- April 20, 2022
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសុំទោសនៅក្នុងសភា សម្រាប់ការធ្វើពិធីខួបកំណើតរបស់លោក នៅឯ Downing Street កាលពី ២ ឆ្នាំមុន ដែលជាការបំពានលើច្បាប់បិទខ្ទប់ប្រឆាំងនឹងជំងឺ COVID-19 ។ លោក Johnson បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា គាត់មិនបានដឹងទេថា ការជួបជុំនេះអាចជាការបំពានច្បាប់។ គាត់និយាយថា៖«ខ្ញុំនិយាយម្តងទៀតថា វាជាកំហុសរបស់ខ្ញុំ ហើយខ្ញុំសូមអភ័យទោស ចំពោះបញ្ហានេះ»។

ប៉ូលីសកំពុងស៊ើបអង្កេតលើការចោទប្រកាន់ដែលថា កម្មវិធីជប់លៀងជាច្រើនត្រូវបានប្រារព្ធឡើងនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី និងអគាររដ្ឋាភិបាលផ្សេងទៀត ខណៈដែលច្បាប់បិទទ្វារដ៏តឹងរឹងត្រូវបានអនុវត្តនៅឆ្នាំ២០២០ និង ២០២១។ លោក Johnson ត្រូវបានគេផាកពិន័យកាលពីសប្តាហ៍មុន សម្រាប់ការប្រារព្ធពិធីខួបកំណើតរបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា នេះជាលើកទី១ហើយ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានផាកពិន័យចំពោះការបំពានច្បាប់។ ចំណែកលោក Johnson ក៏កំពុងច្រានចោលការអំពាវនាវពីក្រុមប្រឆាំងឱ្យចុះចេញពីតំណែង ដោយនិយាយថា គាត់ត្រូវការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអាទិភាពផ្សេងទៀតសិន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






