សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមជាមួយរុស្ស៊ី
- BY
- autoadmin
- April 20, 2022
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀតដើម្បីជួយការពារ ប្រឆាំងនឹងការវាយលុកជាថ្មីរបស់រុស្ស៊ី នេះបើតាមរបាយការណ៍របស់ BBC ។ សហរដ្ឋអាមេរិក និងអ្នកដទៃទៀត បានប្តេជ្ញាថា ពួកគេនឹងបញ្ជូនជំនួយកាំភ្លើងធំ រថក្រោះ និងអាវុធការពារដែនអាកាស ទៅកាន់ទីក្រុង Kyiv នៅក្នុងអំឡុងពេលការហៅជាវីដេអូរយៈពេល ៩០ នាទី កាលពីថ្ងៃអង្គារ។ អ៊ុយក្រែននិយាយថា ខ្លួនត្រូវការសព្វាវុធដើម្បីការពារខ្លួន ខណៈយោធារុស្ស៊ីបានបើកយុទ្ធនាការថ្មីមួយ នៅភាគខាងកើតរបស់ប្រទេស។ ការប៉ះទង្គិចគ្នានៅទីនោះបានកត់សម្គាល់នូវអ្វី ដែលមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា គឺជាការចាប់ផ្តើមនៃ «សមរភូមិដុនបាស»។

តំបន់ដុនបាសភាគខាងកើត ដែលរួមមាន Luhansk និង Donetsk គឺជាកន្លែងដែលយោធារុស្ស៊ីកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន។ យោងតាមប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបាននិងកំពុងវាយប្រហារទីតាំងនានារបស់អ៊ុយក្រែន នៅតាមខ្សែបន្ទាត់ជួរមុខចម្ងាយ ៤៨០ គីឡូម៉ែត្រ ចាប់តាំងពីថ្ងៃចន្ទ។ ការវាយប្រហារជាថ្មីរបស់រុស្ស៊ី បានធ្វើឱ្យមេដឹកនាំលោកខាងលិចជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំនេះ ក្រសួងការពារជាតិអាមេរិកបាននិយាយថា យន្តហោះយោធា និងគ្រឿងបន្លាស់យន្តហោះបន្ថែមទៀត នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ដើម្បីបង្កើនទំហំការហោះហើរ និងជួសជុលអាវុធរបស់អ៊ុយក្រែនដែលត្រូវបានខូចខាត៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






