អន្តរជាតិ

បុរសម្នាក់បម្រុងនឹងចូលលួចបច្ច័យវត្តទៅហើយ ប៉ុន្តែបានឆ្កែវត្តមួយក្រុមព្រួតគ្នា បណ្ដេញចេញពីវិហារវត្តបានវិញ

BY
autoadmin
April 20, 2022

ហ្វូងឆ្កែវត្តមួយក្រុមក្នុងសង្កាត់ Muang របស់ខេត្តឈៀងម៉ៃ បានព្រួតគ្នារារាំងចោរម្នាក់ពីការលួចយកបច្ច័យវត្ត កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ប្រភពដដែលបានឱ្យដឹងថា ព្រះសង្ឃ និង​លោកនេន បាន​ឮ​សំឡេងឆ្កែ​ព្រុសយ៉ាងខ្លាំង នៅ​វេលា​ម៉ោង ​៦ និង ៣០​នាទី​ព្រឹក ទើប​ធ្វើឱ្យពួក​គាត់ត្រូវ​ចេញពីកុដិ​ ដើម្បីមកមើលស្ថានការណ៍នៅខាងក្រៅ ហើយ​ក៏បាន​ប្រទះ​ឃើញ​បុរស​ជាជនសង្ស័យ ត្រូវបានឡោមព័ទ្ធដោយក្រុមឆ្កែវត្តទាំងនោះ។ ព្រះសង្ឃ និង​លោកនេន ​នៅឯ​វត្ត Don Chia ក្នុង​ឃុំ Pa Daed ក៏បាន​ចាប់ខ្លួន​បុរស​នោះ​ ហើយប្រគល់ឱ្យលោក Weerachai Chaimongkol ដែលជា​មេស្រុកនៅទីនោះ។


រូបតំណាង

ប្រភពបាននិយាយថា បុរសនោះបានវាយបំបែកកញ្ចក់បង្អួចវិហារវត្ត ដោយមានចេតនាលួចយកបច្ច័យពីប្រអប់មួយនៅខាងក្នុងវិហារ។ ប៉ុន្តែជាសំណាងល្អ ហ្វូងឆ្កែវត្តបានឮសំឡេងចោរ ហើយបានព្រួតគ្នាដេញព្រុសដាក់បុរសនោះ មិនឱ្យចូលក្នុងវិហារបាននោះទេ។ ការពិតទៅ បុរសនេះក៏ធ្លាប់បានចូលមកលួចបច្ច័យវត្តម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែមេសា ដោយសារវត្តមិនបានចាក់សោរវិហារ។ យ៉ាងណាក៏ដោយ «ជង់មិនភ្លេចកុក» ទីបំផុតលោកចោរ ត្រូវបានគេចាប់ខ្លួនទាល់តែបាន។

លោក Weerachai បាននិយាយថា ព្រះចៅអធិការវត្តព្រះអង្គ Phra Atikarn Wutthipong ក្រោយមកបានដកពាក្យបណ្តឹង ប្រឆាំងនឹងបុរសម្នាក់នោះវិញ ដោយសារថា ជន​សង្ស័យ​ជាមនុស្ស​អត់​ការងារ​ធ្វើ​មក​ពី​ប្រទេស​ជិត​ខាង ហើយ​ទំនង​ជា​ស្រវឹង​ស្រាផងដែរ។ ចៅអធិការវត្តបានមានសង្ឃដីកាថា វត្តបានសម្រេចចិត្តមិនចោទប្រកាន់គាត់ទេ ហើយអត្តសញ្ញាណរបស់គាត់ត្រូវបានបិទជិត ដោយក្តីអាណិតពីវត្ត ហើយព្រះចៅអធិការវត្តបានទូន្មានបុរសនោះ ឱ្យធ្វើជាមនុស្សល្អ បុគ្គលល្អឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: