អន្តរជាតិ

បុរសជនជាតិតៃវ៉ាន់ម្នាក់ ជួបបញ្ហាមិនប្រក្រតីបែបនេះ ក្រោយទទួលទានស៊ុតដែលចំអិនមិនបានឆ្អិនល្អជាប្រចាំ

BY
autoadmin
April 21, 2022

តៃវ៉ាន់៖ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២២ ប្រភពព័ត៌មាន khaosod បានចុះផ្សាយឱ្យដឹងថា បុរសជនជាតិតៃវ៉ាន់ម្នាក់ អាយុ៥៥ឆ្នាំ មិនមានជម្ងឺប្រចាំខ្លួនអ្វីទេ គឺស្ទើតែមិនធ្លាប់ផ្តាសាយទៀតផង ប៉ុន្តែថ្មីៗមកនេះនៅសុខៗស្រាប់តែ កើតជាដុំសាច់ចម្លែកមួយនៅបរិវេណទ្រូងផ្នែកខាងស្តាំ ដែលមានទំហំប្រមាណជា ៨សង់ទីម៉ែត្រ ទោះសាកលេបថ្នាំក៏មិនធូរស្បើយសោះ។ យ៉ាងណាមិញក្រោយពីធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យ ទើបគ្រូពេទ្យសន្និដ្ឋានថា «មូលហេតុអាចបណ្តាលមកពីការទទួលទានស៊ុតស្ងោរដែលចំអិនមិនបានឆ្អិនល្អជាប្រចាំរាល់ព្រឹក» ។

លោកវេជ្ជបណ្ឌិត Hong Jiakong នៅមន្ទីរពេទ្យ Taipei បានធ្វើការពិនិត្យ និងវះកាត់ជូនអ្នកជម្ងឺបានយ៉ាងជោគជ័យ ព្រមទាំងបានបូមយកខ្ទុះនៃបូសនោះទៅពិនិត្យរកមេរោគឃើញថា មេរោគដែលបង្កនោះមានឈ្មោះថា សាលម៉ូណេលឡា​ “Salmonella” ដែលមេរោគសាលម៉ូណេលឡានេះតែងកើតចេញពីការទទួលទានចំណីអាហារដែលមានលាមកសត្វស្លាបលាយឡំជាមួយបាក់តេរីមានដូចជា ការទទួលទានស៊ុតឆៅ ស៊ុតដែលមិនបានចំអិនឆ្អិនល្អ ទឹកដោះគោ បន្លែ ផ្លែឈើ រួមទាំងសាច់សត្វដែលមានមេរោគសាលម៉ូណេលឡាលាយឡំជាមួយ។

គ្រូពេទ្យបានឱ្យដឹងថា អ្នកជម្ងឺពិតជាមានសំណាងណាស់ដែលបូសទំហំធំនេះ ខ្ទុះនិងមេរោគមិនបានសុីទៅដល់សួត ទើបការវះកាត់ប្រកបដោយភាពជោគជ័យ ជាចុងក្រោយលោកគ្រូពេទ្យបានដាស់តឿនថា ប្រសិនបើលោកអ្នកមានសុខភាពល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែបើទទួលទានអាហារមិនមានអនាម័យ ចំអិនមិនបានឆ្អិនល្អនោះ លោកអ្នកនឹងប្រឈមជាមួយនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: