អន្តរជាតិ

កូរ៉េខាងត្បូងតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានផ្ញើដង្វាយទៅរម្លឹកវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយសង្គ្រាម

BY
Pheakdey
April 21, 2022

ជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះបានផ្ញើដង្វាយសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទៅកាន់ទីបញ្ចុះសព Yasukuni ក្នុងទីក្រុងតូក្យូដើម្បីរម្លឹកដល់អ្នកដែលបានស្លាប់ដោយសង្គ្រាម ខណៈមានមន្ត្រីជាន់ខ្ពស់នៃគណបក្សកំពុងកាន់អំណាចជាច្រើនរូបបានអញ្ជើញទៅចូលរួមក្នុងវិធីរម្លឹកវិញ្ញាណក្ខន្ធនេះដោយផ្ទាល់ផងដែរ។ ភ្លាមៗក្រោយការប្រកាសផ្ញើដង្វាយទៅកាន់ទីបញ្ចុះសពនេះ ប្រទេសកូរ៉េខាងត្បូងបានបង្ហាញនូវការខកចិត្ត ស្តាយក្រោយ និងប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នេះបើយោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន Channel News Asia

គួររម្លឹកជូនថា ជប៉ុនតែងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ដោយសង្គ្រាមប្រមាណជា ២,៥លាននាក់ជាប្រចាំ ហើយនៅក្នុងនោះក៏មានវិញ្ញាណក្ខន្ធអតីតមេដឹកនាំជប៉ុនចំនួន ១៤រូប ដែលត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាមផងដែរ។ សម្រាប់កូរ៉េខាងត្បូងនិងប្រទេសចិនបានមើលឃើញថា សកម្មភាពរបស់របស់នាយករដ្ឋមន្ត្រីជប៉ុនគឺជានិមិត្តរូបនៃការគាំទ្រការឈ្លានពានដោយកម្លាំងយោធាជប៉ុនមកកាន់ទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំងនាពេលកន្លងមក។ សូមបញ្ជាក់ជូនថា រឿងរ៉ាវសម្រូងចម្រាសនេះមិនមែនជារឿងថ្មីឡើយ ដ្បិតវាបានកើតឡើងជារឿយៗរាល់ពេលដែលនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើការគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ដោយសង្គ្រាម បើទោះជាគាត់បានទៅចូលរួមដោយផ្ទាល់ឬផ្ញើដង្វាយពីចម្ងាយក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: