អន្តរជាតិ

អង្គការសុខភាពពិភពលោកផ្តល់ការណែនាំយ៉ាងមុតមាំ លើថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ១៩ Paxlovid របស់ក្រុមហ៊ុន Pfizer

BY
autoadmin
April 22, 2022

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានផ្តល់ការណែនាំយ៉ាងមុតមាំ ឱ្យមានការប្រើប្រាស់ថ្នាំ Paxlovid ដែលជាថ្នាំប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer សម្រាប់អ្នកជំងឺ COVID-19 កម្រិតស្រាលៗ ដែលនៅតែមានហានិភ័យខ្ពស់ក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ដែលវិសមភាពក្នុងការទទួលបានវ៉ាក់សាំង COVID-19 នឹងធ្វើឱ្យប្រទេសដែលមានចំណូលទាប និងមធ្យម ត្រូវឈរនៅក្រោយគេជាថ្មីម្ដងទៀត។

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ ថា ការរួមបញ្ចូលគ្នានៅក្នុងថ្នាំ Paxlovid រវាង nirmatrelvir និង ritonavir គឺជាជម្រើសដ៏ប្រសើរមួយ សម្រាប់ការព្យាបាលអ្នកដែលមិនបានទទួលថ្នាំបង្ការ មនុស្សចាស់ ឬ អ្នកមានភាពស៊ាំខ្សោយប្រឆាំងនឹង COVID-19 ។ WHO ក៏បានផ្ដល់អនុសាសន៍ (តិចតួច) ឱ្យមានការប្រើប្រាស់ថ្នាំ Remdesivir ដែលផលិតដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Gilead ផងដែរ បើទោះបីជាពីមុនមក WHO បានប្រឆាំងចំពោះការប្រើប្រាស់ថ្នាំនេះ។ យ៉ាងណាអង្គការសុខភាពពិភពលោក បានផ្ដល់ការណែនាំខ្ពស់សម្រាប់ថ្នាំ Paxlovid លើថ្នាំ Remdesivir ក៏ដូចជាថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck និងថ្នាំអង្គបដិប្រាណ Monoclonal ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: