អន្តរជាតិ

អាជ្ញាធរក្រុងសៀងហៃប្រកាសពីការលុបចោលវិធានការបិទខ្ទប់ជាដំណាក់កាលៗ ខណៈតួលេខអ្នកបាត់បង់ជីវិតដោយកូវីដ-១៩មានការកើនឡើង

BY
Pheakdey
April 22, 2022

ចិន៖ អាជ្ញាធរក្រុងសៀងហៃបានជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះថា វិធានការបិទខ្ទប់ទីក្រុងនឹងត្រូវលុបចោលជាដំណាក់កាលៗ ដោយតំបន់ណាដែលលែងមានការរាតត្បាតនឹងត្រូវបើកជាធម្មតាមុនគេ ហើយតំបន់ដែលនៅមានហានិភ័យនៃការរាតត្បាតកូវីដ-១៩ នៅតែបន្តបិទខ្ទប់​រហូតដល់អាជ្ញាធរអាចកាត់ផ្តាច់រលកនៃការចម្លងមេរោគនៅក្នុងតំបន់ទាំងនោះបាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទន្ទឹមនឹងធ្វើការជូនដំណឹងខាងលើនេះ អាជ្ញាធរក្រុងហៀងហៃក៏បានប្រកាសពីការបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំក្នុងក្នុងតំបន់ថ្មីមួយទៀត ​ ខណៈក្រុងសៀងហៃនឹងផ្តើមអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្សស្ថិតនៅក្នុងកម្រិតសូន្យផងដែរ។

គួរបញ្ជាក់ជូនថា អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,៦៩៨នាក់សម្រាប់របាយការណ៍នៅក្នុងថ្ងៃទី ២១ ខែមេសានេះ ហើយតួរលេខនេះមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងតួលេខកាលពីថ្ងៃកន្លងទៅ។ ដោយឡែកចំពោះករណីស្លាប់វិញគឺគិតត្រឹមពេលនេះអាជ្ញាធរក្រុងសៀងហៃបានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១១នាក់ ពោលគឺតួលេខនេះមានការកើនឡើងចំនួន ១នាក់។ សូមបញ្ជាក់ជូនថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាងត្បាតខ្លាំងឡើងវិញនៅក្នុងប្រទេសចិន ហើយគិតត្រឹមពេលនេះចិនមានតួលេខអ្នកឆ្លងសរុបជាង ១,៩សែននាក់ និងស្លាប់សរុបជាង ៤,៦ ពាន់នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

Share This Post: