ជំងឺរលាកថ្លើមដ៏អាថ៌កំបាំងមួយ កំពុងចម្លងទៅកុមារជាង ១០០នាក់ នៅចក្រភពអង់គ្លេស ហើយក្នុងនោះមានកុមារចំនួន ៨នាក់ ត្រូវការការវះកាត់ប្ដូរថ្លើមជាចាំបាច់
- BY
- autoadmin
- April 22, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា កុមារជាង ១០០ នាក់ បានធ្លាក់ខ្លួនមានបញ្ហារលាកថ្លើមយ៉ាងអាថ៌កំបាំង ដោយក្នុងនោះមាន ៨ នាក់ ត្រូវការការវះកាត់ប្តូរថ្លើមជាចាំបាច់។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ករណីរលាកថ្លើមភ្លាមៗចំនួន ៣៤ ករណីបន្ថែមទៀត ទើបតែត្រូវបានគេកំណត់អត្តសញ្ញាណនាពេលថ្មីៗនេះ ដែលនាំឱ្យចំនួនសរុបនៅទូទាំងប្រទេសអង់គ្លេសកើនដល់ ១០៨ ករណី។ ចំណែកនៅឯសហរដ្ឋអាមេរិក អៀរឡង់ ដាណឺម៉ាក ហូឡង់ និងអេស្បាញ ក៏មានការរាយការណ៍ពីករណីដូចគ្នាផងដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដថា តើកត្តាអ្វីដែលបណ្តាលឱ្យពួកគេឈឺ ហើយពួកគេក៏មិនបានបដិសេធថា វាមិនពាក់ព័ន្ធនឹងជំងឺ COVID-19 នោះដែរ។

ទីភ្នាក់ងារ UKHSA បានដាក់ការសង្ស័យចម្បងទៅលើពពួកវីរុស adenovirus ដែលជាធម្មតាបណ្តាលឱ្យមានជម្ងឺស្រាលៗជាច្រើនរួមមាន៖ ផ្តាសាយ ក្អួត និងរាគ ហើយមនុស្សភាគច្រើនជាសះស្បើយពីវីរុសនេះ ដោយគ្មានផលវិបាកអ្វីឡើយ។ អ្នកជំនាញខ្លះជឿថា ប្រព័ន្ធការពាររាងកាយចុះខ្សោយរបស់កុមារបន្ទាប់ពីការបិទខ្ទប់ ដោយសារជំងឺ COVID-19 ក៏ចូលរួមចំណែកជាកត្តាមួយផងដែរ។ ឥឡូវនេះ ក្រុមអ្នកជំនាញពីគ្រប់តំបន់ដែលបានរាយការណ៍ពីករណីទាំងនេះ កំពុងជំរុញឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ទាក់ទងនឹងការផ្ទុះឡើងយ៉ាងអាថ៌កំបាំងនេះ។
អ្នកជំនាញបាននិយាយថា វិធានការអនាម័យធម្មតា ដូចជាការលាងដៃឱ្យបានស្អាត និងអនាម័យផ្លូវដង្ហើមឱ្យបានល្អ នឹងជួយកាត់បន្ថយការរីករាលដាលការឆ្លងមេរោគទូទៅ រួមទាំងវីរុស adenovirus នេះផ្ទាល់។ ម្យ៉ាងទៀតមាតាបិតា និងអាណាព្យាបាល គួរប្រុងប្រយ័ត្នចំពោះសញ្ញានៃជំងឺរលាកថ្លើម និងត្រូវទាក់ទងគ្រូពេទ្យជំនាញ ប្រសិនបើពួកគេមានការសង្ស័យ។ រោគសញ្ញានៃជំងឺរលាកថ្លើមរួមមាន៖ ទឹកនោមល្អក់ លាមកពណ៌ប្រផេះ រមាស់ស្បែក ជំងឺខាន់លឿង សីតុណ្ហភាពខ្ពស់ ក្អួត បាត់បង់ចំណង់អាហារ ឈឺសាច់ដុំ និងសន្លាក់។ រោគសញ្ញាទាំងនេះ ជាធម្មតាមានចំពោះរលាកថ្លើមប្រភេទ A ដល់ E ប៉ុន្តែក្នុងករណីទាំងនេះ កុមារត្រូវបានរកឃើញថា មិនមានរោគសញ្ញាអ្វីនោះទេ ដូច្នេះមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






