ថៃត្រៀមបើកប្រទេសពេញលេញនៅថ្ងៃទី០១ ឧសភា ដោយលុបបំបាត់ការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកធ្វើតេស្តរហ័សវិញ
- BY
- autoadmin
- April 23, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook បានឱ្យដឹងថា ថៃត្រៀមបើកប្រទេសនៅថ្ងៃទី០១ ខែឧសភា ព្រមទាំងប្រកាសលុបចោលកម្មវិធី Test&Go ដោយលុបការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា វិធានការណ៍ Test&Go នឹងត្រូវបានលុបចោល ដោយជំនួសមកត្រឹមការធ្វើតេស្តរហ័ស ATK (Rapid Antigen Test) ដើម្បីជាការផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជាងមុន ចំពោះការបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក។

លោក ប្រាយុទ្ធ បានបន្តថា ដោយសារថៃជាប្រទេសមួយដែលត្រូវពឹងផ្អែកលើកវិស័យទេសចរណ៍ច្រើនគួរសម មួយវិញទៀតដើម្បីអោយសេដ្ឋកិច្ចបន្តដំណើរទៅមុខទៀតបាន វិធានការណ៍ក្នុងការបើកប្រទេសនេះរួមមានទាំង ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ។»
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោកបានបន្តទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ លោកចង់សំណូមពរអោយប្រជាពលរដ្ឋថៃគ្រប់គ្នា ដែលចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូសប្រញាប់ទៅទទួលវ៉ាក់សាំងអោយគ្រប់ដូស ក៏ដូចជាអាណាព្យាបាលគ្រប់រូបដែលមានកូនអាយុចាប់ពី ៥ឆ្នាំឡើងនាំកូនទៅចាក់វ៉ាក់សាំងអោយគ្រប់ដូសផងដែរ ព្រោះក្មេងៗដែលឆ្លងភាគច្រើនគឺមកពីអាណាព្យាបាលនោះឯង៕




អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






