អន្តរជាតិ

រុស្ស៊ីទើបតែទទួលស្គាល់ជាលើកដំបូង ថាមានការបាត់បង់មនុស្ស និងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យឆេះនាវាចម្បាំង Moskva

BY
autoadmin
April 23, 2022

ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ជាលើកដំបូងថា មានមនុស្សស្លាប់ និងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យកាលពីសប្តាហ៍មុន លើនាវាចម្បាំងមីស៊ីល Moskva របស់ខ្លួន។ រំលឹកដែរថា នាវាចម្បាំងរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែមេសា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អគ្គីភ័យដែលបានឆាបឆេះនៅលើកនាវា កាលពីថ្ងៃទី១៣ ខែមេសា បានបង្កឱ្យមានការផ្ទុះគ្រាប់រំសេវ ហើយនាវិករបស់នាវាក៏បានព្យាយាមពន្លត់ភ្លើង ប៉ុន្តែមិនបានសម្រេចនោះឡើយ។

ខ្លួនបាននិយាយថា ក្នុងចំណោមនាវិករបស់នាវា Moskva មានទាហានម្នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៣៩៦ នាក់ដែលនៅសល់ ត្រូវបានជម្លៀស ហើយត្រឡប់ទៅទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀ។ ក្រសួង​ក៏​បាន​និយាយ​ថា ខ្លួន​កំពុង​ផ្តល់​ជំនួយ​ចាំបាច់​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ស្លាប់​ និង​បាត់​ខ្លួន។

មុននេះ ក្រសួងបាននិយាយថា នាវិកទាំងអស់ត្រូវបានជម្លៀសចេញ មុនពេលនាវាលិច។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅអឺរ៉ុប និងរុស្ស៊ីបានរាយការណ៍ថា សមាជិកនាវិករាប់សិបនាក់បានស្លាប់។ ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនជាគឺអ្នកវាយប្រហារលើនាវានោះ ជាមួយនឹងកាំជ្រួចប្រឆាំងនាវា Neptune ។ ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការអះអាងរបស់អ៊ុយក្រែន ប៉ុន្តែក្រសួង​រុស្ស៊ី​មិន​បាន​និយាយ​ថា ​តើ​នាវានោះ​ត្រូវ​បាន​អ៊ុយក្រែន​វាយប្រហារ​ ឬ​អត់​ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: