អន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងទៅជួបដោយផ្ទាល់ជាមួយលោក ពូទីន និងលោក ហ្សាលេនស្គី នៅសប្ដាហ៍ក្រោយនេះ

BY
autoadmin
April 23, 2022

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបន្ទាប់មកធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy ។ លោក Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទី២៦ ខែមេសា ហើយជួបជាមួយលោក Putin ក៏ដូចជាជួបពិភាក្សាការងារ និងអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ គាត់សង្ឃឹមថា នឹងបាននិយាយអំពីអ្វីដែលអាចធ្វើបាន ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែន។

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Antonio Guterres នឹងជួបជាមួយលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍ ក៏ដូចជារដ្ឋមន្ត្រីការបរទេស Dmytro Kuleba និងបុគ្គលិកនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។ លោក Guterres បានស្នើសុំជួបមេដឹកនាំនៃប្រទេសទាំង ២ នៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ដែលប្រគល់ទៅឱ្យបេសកកម្មអចិន្ត្រៃយ៍ពួកគេប្រចាំនៅអង្គការសហប្រជាជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: