អន្តរជាតិ

សៀងហៃរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ ១២នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងបន្តកើនឡើងខ្ពស់

BY
Pheakdey
April 23, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១២នាក់បន្ថែមទៀត ខណៈកាលពីថ្ងៃកន្លងមកតួលេខអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះមានត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ បើតាមកា​របញ្ជាក់របស់អាជ្ញាធរក្រុងសៀងហៃបានឲ្យដឹងថា ជនរងគ្រោះដែលមានស្លាប់ទាំងអស់នោះគឺជាក្រុមពលរដ្ឋវ័យចំណាស់ដែលមានអាយុជាមធ្យម ៨៨ឆ្នាំ ហើយពួកគាត់ទាំងអស់នោះមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។

ដោយឡែកចំពោះករណីឆ្លងថ្មីវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺតួលេខអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងពីខ្ទង់ជាង ១ពាន់នាក់មកដល់ខ្ទង់ជាង ២ពាន់នាក់ ហើយបើគិតជាសរុបរួមគឺត្រឹមពេលនេះក្រុងសៀងហៃមានតួលេខអ្នកឆ្លងសរុបចំនួន ២០,៦៣៤នាក់។ គួរបញ្ជាក់ថា ក្រុងសៀងហៃកំពុងអនុវត្តវិធានការបិទខ្ទប់ដើម្បីឲ្យក្រុមបុគ្គលិកសុខាភិបាលអាចធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋទាំងអស់ដែលមានចំនួនសរុបរហូតដល់ ២៥លាននាក់។ ការបិទខ្ទប់ត្រូវបានធ្វើឡើងជាច្រើនដំណាក់កាលដោយអនុវត្តតាមតំបន់បន្តបន្ទាប់គ្នា ហើយការសម្រេចបើកទីក្រុងឡើងវិញក៏ត្រូវធ្វើឡើងជាច្រើនដំណាក់កាលដូចគ្នាដែរ ពោលគឺតំបន់ណាដែលលែងមានការរាតត្បាតនឹងត្រូវបើកជាធម្មតាមុនគេ ខណៈតំបន់ផ្សេងទៀតត្រូវរង់ចាំដល់លែងមានហានិភ័យនៃការរាតត្បាតទើបអាចបើកឡើងវិញបាន៕

A man gets tested for the coronavirus disease (COVID-19) at a makeshift nucleic acid testing site outside a hotel in Wuzhou, Guangxi Zhuang Autonomous Region, China March 24, 2022. REUTERS/Carlos Garcia Rawlinsអត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: