អន្តរជាតិ

រុស្ស៊ី-ជប៉ុនចុះកិច្ចព្រមព្រៀងនេសាទមួយជាមួយគ្នា ខណៈករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងមានភាពតានតឹងខ្លាំង

BY
Pheakdey
April 23, 2022

នៅពីក្រោយភាពតានតឹងជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានចុះហត្ថលេខាព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៣ ខែមេសានេះ។ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ីនិងជប៉ុននោះគឺកិច្ចព្រមព្រៀងលើកូតានេសាទ ដែលមានការអនុញ្ញាតឲ្យទីក្រុងតូក្យូអាចធ្វើការនេសាទត្រី Salmon (សាម៉ុង)​ និងត្រី Trout នៅក្នុងទន្លេរបស់រុស្ស៊ីបានដោយស្របច្បាប់។

យ៉ាងណាក្តី នៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២នេះបានកំណត់ថា ជប៉ុនអាចធ្វើការនេសាទត្រី Salmon និងត្រី Trout នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខមួយរបស់រុស្ស៊ីក្នុងបរិមាណត្រីចំនួន ២,០៥០ តោនសម្រាប់នៅក្នុងឆ្នាំនេះ ខណៈភាគីជប៉ុនត្រូវផ្តល់ប្រាក់ជូនភាគីរុស្ស៊ីចន្លោះពី ២០០-៣០០លានយេន (១,៥៥-២,៣៣ លានដុល្លារអាមេរិក) អាស្រ័យទៅតាមបរិមាណត្រីដែលជប៉ុននេសាទបានជាក់ស្តែង។ គួរបញ្ជាក់ជូនថា ការចុះកិច្ចព្រមព្រៀងខាងលើនេះមិនមែនជារឿងថ្មីឡើយ ដោយកាលពីឆ្នាំមុនរុស្ស៊ីនិងជប៉ុនក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងដូចគ្នានេះម្តងរួចហើយដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: