យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់ បានបាត់បង់ជីវិត ក្រោយកប៉ាល់ទេសចរណ៍ជប៉ុន Kazu I បានបាត់ខ្លួន
- BY
- autoadmin
- April 25, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កប៉ាល់ទេសចរណ៍ជប៉ុន Kazu I បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់នេះបញ្ជូនសញ្ញាថាបានជួនគ្រោះថ្នាក់ នៅម៉ោង ១៣:១៥ នាទី ម៉ោងក្នុងស្រុក (០៤:១៥ GMT) កាលពីថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសជប៉ុន ជាមួយនឹងអ្នកដំណើរទាំងអស់ចំនួន ២៤នាក់ រួមទាំងកុមារ ២នាក់ និងសមាជិកនាវិកចំនួន ២នាក់។ ឥឡូវនេះការស៊ើបអង្កេតបានចាប់ផ្តើម ខណៈដែលឆ្មាំឆ្នេរសមុទ្របានបញ្ជាក់នៅថ្ងៃចន្ទ ទី២៥ មេសា ឆ្នាំ២០២២ នេះថា ការស្លាប់របស់កុមារម្នាក់ទៀតត្រូវបានបញ្ជាក់នៅថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១១ នាក់ ។

ការស្វែងរកបានបន្តឡើងវិញនៅថ្ងៃចន្ទនេះ ដោយប្រើយន្តហោះ និងទូកល្បាត ហើយប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទូកនេសាទក្នុងស្រុកពីកំពង់ផែ Utoro ក៏បានចេញចល័តផងដែរ។ ឆ្មាំឆ្នេរសមុទ្របាននិយាយថា វានឹងពិបាកក្នុងការនិយាយពីអ្វីដែលបានកើតឡើងចំពោះកប៉ាល់នេះ រហូតទាល់តែពួកគេរកឃើញភស្តុតាង ឬកម្ទេចកម្ទីបន្ថែមទៀត។
ជម្រាបដែរថា កប៉ាល់ Kazu I បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ជាច្រើនម៉ោងបន្ទាប់ពីការចេញដំណើរ សម្រាប់ដំណើរកម្សាន្តនៅឧបទ្វីប Shiretoko ដែលជាតំបត់ល្បីល្បាញខាងទេសភាពឆ្នេរសមុទ្រ និងសត្វព្រៃដ៏ស្រស់ស្អាត។ ក្រោយមកប្រតិបត្តិករទូកបានទូរស័ព្ទទៅរាយការណ៍ថា ខ្លួនកំពុងជួបគ្រោះថ្នាក់ និងផ្អៀងក្នុងអង្កត់មុំ ៣០ ដឺក្រេ ហើយក៏ដាច់ទំនាក់ទំនងតែម្ដង។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រលកសមុទ្រមានកម្រិតខ្ពស់នៅក្នុងតំបន់កាលពីថ្ងៃសៅរ៍ ហើយទូកនេសាទដែលបានចេញដំណើរពីព្រឹកព្រលឹម ក៏សុទ្ធតែបានត្រឡប់មកវិញយឺត៕




អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






