អន្តរជាតិ

ប្រទេសចិនបានអនុម័តឱ្យមានការសាកល្បងព្យាបាលជំងឺកូវីដ១៩ ដោយប្រើវ៉ាក់សាំងបង្ការថ្មីផ្ដោតសំខាន់លើវ៉ារ្យ៉ង់អូមីក្រុង របស់ក្រុមហ៊ុនឱសថ Sinopharm

BY
autoadmin
April 26, 2022

រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិន នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអនុម័តឱ្យមានការសាកល្បងព្យាបាល ដោយការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីចុងក្រោយបំផុត របស់ក្រុមហ៊ុនឱសថ Sinopharm ដែលវ៉ាក់សាំងថ្មីមួយនោះ គឺផ្ដោតសំខាន់លើវ៉ារ្យ៉ង់អូមីក្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN

ប្រទេសចិនក៏មិនខុសពីផ្នែកខ្លះនៅទូទាំងពិភពលោកនោះដែរ នៅពេលដែលករណីជំងឺ COVID-19 ថ្មីៗទាក់ទងនឹងវ៉ារ្យ៉ង់អូមីក្រុង បានកើនឡើងជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃចន្ទនេះផ្ទាល់ មានករណីជំងឺ COVID-19 ថ្មីៗចំនួន ១,៩០៨ ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ដោយក្នុងនោះមាន ១,៦៦១ នាក់ ស្ថិតនៅក្នុងទីក្រុងសៀងហៃ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិកាលពីថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: