ប្រធានអង្គការសហប្រជាជាតិលោក Guterres បានជួបជាមួយលោក Putin នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាព
- BY
- autoadmin
- April 27, 2022
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីឈានទៅដល់ការបញ្ចប់ការសង្គ្រាមនៅអ៊ុយក្រែន។ លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ រំលឹកដែរថា លោក Guterres បានរិះគន់រុស្ស៊ីចំពោះតួនាទីរបស់ខ្លួន ក្នុងការជំរុញឱ្យមានអំពើហិង្សា ហើយជំរុញឱ្យលោក ពូទីន មានសកម្មភាពបន្ថែមទៀត ដើម្បីជួយជនស៊ីវិលដែលជាប់នៅក្នុងការប្រយុទ្ធ ជាពិសេសអ្នកដែលជាប់នៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ី។

មន្ត្រីរបស់អង្គការសហប្រជាជាតិបាននិយាយថា លោក ពូទីន បានយល់ព្រមចំពោះគំនិតនេះ «ជាគោលការណ៍» ហើយកិច្ចខិតខំប្រឹងប្រែងនេះ នឹងមានការចូលរួមពីអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម។ លោក ពូទីន បាននិយាយថា លោកនៅតែស្វែងរកដំណោះស្រាយដោយសន្តិវិធី។ លោកបាននិយាយថា ការចរចាកំពុងប្រព្រឹត្តទៅក្នុងទម្រង់អនឡាញ ហើយសង្ឃឹមថា ពួកគេនឹងនាំយើងទៅរកលទ្ធផលវិជ្ជមាន។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ភាគីអ៊ុយក្រែនបានដើរថយក្រោយនៃកិច្ចព្រមព្រៀងមួយចំនួន ដែលបានធ្វើឡើងក្នុងអំឡុងពេលការចរចាកាលពីខែមុននៅក្នុងប្រទេសទួរគី។ មុននេះ លោក Guterres ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់។ លោក Guterres នឹងបន្ដដំណើរទៅរដ្ឋធានីកៀវ របស់អ៊ុយក្រែន សម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតី Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






