អន្តរជាតិ

ក្រុមហ៊ុនផលិតដ្រូនដ៏ធំរបស់ចិន DJI Technology បានប្រកាសផ្អាកធ្វើអាជីវកម្មនៅរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាថាផលិតផលរបស់ខ្លួនមិនត្រូវបានប្រើក្នុងសង្គ្រាម

BY
autoadmin
April 27, 2022

ក្រុមហ៊ុនផលិតដ្រូនដ៏ធំ DJI Technology Co Ltd បានក្លាយជាក្រុមហ៊ុនចិនធំដំបូងគេ ដែលឈប់ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរវាងប្រទេសទាំង ២ បានចាប់ផ្តើម។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ខ្លួនបាននិយាយថា៖«DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញ នូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន»។

កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ DJI បានប្រាប់រ៉យទ័រថា វិធានការនេះគឺមិនមែនជាសេចក្តីថ្លែងការណ៍វាយប្រហារប្រទេសណាមួយទេ ប៉ុន្តែជាគោលការណ៍របស់ក្រុមហ៊ុន។ អ្នកនាំពាក្យបាននិយាយថា៖« DJI ស្អប់ខ្ពើមការប្រើប្រាស់ដ្រូនដើម្បីបង្កគ្រោះថ្នាក់ ហើយយើងកំពុងផ្អាកការលក់ជាបណ្តោះអាសន្ននៅក្នុងប្រទេសទាំងនេះ ដើម្បីជួយធានាថា គ្មាននរណាម្នាក់ប្រើប្រាស់ដ្រូនរបស់យើងក្នុងការប្រយុទ្ធគ្នា»។

ជម្រាបដែរថា យោធា និងពលរដ្ឋអ៊ុយក្រែន បានចោទប្រកាន់ក្រុមហ៊ុន DJI ពីការលេចធ្លាយទិន្នន័យរបស់ពួកគេ ទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនបដិសេធការចោទប្រកាន់ទាំងនេះ។ អ្នកនាំពាក្យរបស់ DJI បាននិយាយកាលពីខែមុនថា ក្រុមហ៊ុនបានកត់សម្គាល់ឃើញវីដេអូអនឡាញដែលបង្ហាញថា យោធារុស្ស៊ីកំពុងប្រើប្រាស់ផលិតផលរបស់ខ្លួន ប៉ុន្តែមិនអាចបញ្ជាក់រឿងនេះបាន និងមិនអាចគ្រប់គ្រងលើការប្រើប្រាស់ផលិតផលរបស់ខ្លួនឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: