អន្តរជាតិ

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស ថាបានញុះញង់​អ៊ុយ​ក្រែ​ន​ឱ្យ​វាយប្រហារ​លើ​ទឹកដី​ខ្លួន

BY
autoadmin
April 27, 2022

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស​ថា ​បានញុះញង់​អ៊ុយ​ក្រែ​ន​ឱ្យ​វាយប្រហារ​លើ​ទឹកដី​រុ​ស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយបក នៅក្នុងទីក្រុងកៀវ ប្រសិនបើការវាយប្រហារបែបនេះនឹងកើតឡើង។ ខ្លួនបានបន្ថែមថា វត្តមានរបស់ទីប្រឹក្សាលោកខាងលិច ដែលស្ថិតនៅរដ្ឋធានីរបស់អ៊ុយក្រែន ក៏ប្រហែលជាមិនអាចបញ្ឈប់ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការសងសឹកនោះដែរ។ វាកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា វាមិនមែនជាបញ្ហាទេសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើគោលដៅនានាក្នុងទឹកដីរបស់ខ្លួន រួមទាំងឃ្លាំងស្តុកប្រេងនៅ Belgorod ប៉ុន្តែអ៊ុយក្រែនមិនបានបញ្ជាក់ពីការវាយប្រហារណាមួយឡើយ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិច បានបរិច្ចាគជំនួយយោធារាប់រយលានផោនដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយ កាលពីខែកុម្ភៈ ហើយមន្ត្រីណាតូ និងសហភាពអឺរ៉ុប បាននឹងកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែមទៀត។ ចំណែករដ្ឋាភិបាល​ចក្រភព​អង់គ្លេសឯណោះវិញ ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​​នូវ​រថយន្ត​ប្រឆាំង​យន្តហោះ​មួយ​ចំនួន​ ទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក James Heappey បាននិយាយថា ការវាយប្រហាររបស់យោធាអ៊ុយក្រែន ដើម្បីបង្អាក់បណ្តាញផ្គត់ផ្គង់ គឺជារឿងត្រឹមត្រូវនៅក្នុងសង្រ្គាម ហើយបានពណ៌នាការអះអាងរបស់រុស្ស៊ីអំពីដែលថា «ណាតូបង្កជម្លោះជាមួយរុស្ស៊ី» គឺជារឿងមិនសមហេតុសមផល។ លោកបានបន្ថែមថា វាក៏ជាផ្នែកមួយមិនខុសច្បាប់នៃសង្រ្គាម សម្រាប់កងកម្លាំងរុស្ស៊ីក្នុងការកំណត់គោលដៅនៅភាគខាងលិចអ៊ុយក្រែន ដើម្បីរំខានដល់បណ្តាញផ្គត់ផ្គង់អ៊ុយក្រែន ដរាបណាពួកគេជៀសវាងការផ្តោតទៅលើជនស៊ីវិល ប៉ុន្តែជាអកុសល ពួកគេមិនបានយកចិត្តទុកដាក់ច្រើនទេរហូតមកដល់ពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: